តាកែវ៖ កម្មវិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ក្នុងភូមិព្រៃស្នួល ត្រូវបានបិទបញ្ចប់ ក្រោមបរិយាកាសសប្បាយរីករាយ ដោយមានអ្នកចូលរួមទស្សនាកម្សាន្តជិត៣ពាន់នាក់ ។


កម្មវិធីបុណ្យអុំទូកក្នុងភូមិព្រៃស្នួលនេះ ប្រព្រឹត្តិទៅបាន ដោយមានការឧបត្ថម្ភផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នូវថវិកាចំនួន២ពាន់ដុល្លារ និងសប្បុរសជនជិតឆ្ងាយមួយចំនួនទៀតផងដែរ។ នេះគឺឆ្នាំទី៤ ហើយ ដែលភូមិព្រៃស្នួល បានរៀបចំឱ្យមានកម្មពិធីបុណ្យអុំទូក នៅប្រឡាយស្ដារព្រៃស្នួល ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃស្នួល ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។







ថ្លែងក្នុងវេទិកាបិទបញ្ចប់កម្មពិធី លោក គឹម ពន្លក មេឃុំរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសប្បុរសជនដែលតែងតែចូលរួមឧបត្ថម្ភ ជាថវិកានិងភេសជ្ជៈ ដើម្បីរៀបចំកម្មពិធីនេះ ឡើងឱ្យកាន់តែមានភាពអធិកអធ័ម។



លោក សយ សុភាព ជំនួសមុខឱ្យអ្នកភូមិព្រៃស្នួល បានរំលឹកដឹងគុណជាទីបំផុត ដល់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទាំងនៅក្នុងទីប្រជុំជនឬជនបទ ឱ្យទទួលបាននូវភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យជាតិនានា។


លោកក៏ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ស្រុក ឃុំ កងកម្លាំងគ្រប់ប្រភេទ ជាពិសេសការចូលរួមសហការយ៉ាងសស្រាក់សស្រាំ ពីចាស់ព្រឹទ្ធិចារ្យ និងបងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅភូមិមួយចំនួន ដែលញាំងឱ្យកម្មពិធីនេះ ប្រព្រឹត្តិទៅបានយ៉ាងរលូន និងបន្សល់ទុកនូវអនុស្សាវរីយ៍ ជាច្រើនសម្រាប់ឆ្នាំក្រោយៗទៀត។



ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព ក៏បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំថា នឹងព្យាយាមអភិវឌ្ឍន៍ កសាងភូមិព្រៃស្នួល ឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋមានទឹក ផ្លូវ ភ្លើង សម្រាប់ប្រើប្រាស់ជាសម្បត្តិរួម នាថ្ងៃអនាគត៕




