ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរ មកពីគ្រប់ទិសទី ។
ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណា ធានាឱ្យបានសន្តិសុខ សុវត្ដិភាព និងសណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការ នៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងសម្តេចធិបតី បានថ្លែងអំណរគុណ ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំដំណើររប្រព្រឹត្តទៅ នៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាពល្អប្រណិត ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអរគុណ ដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្បៈករ សិល្បៈការិនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ និងការរាំលេងកំសាន្ត គ្រប់ទីកន្លែងជូនដល់មហាជន ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកងផងដែរ៕