ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋ ជាភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ៦លាននាក់ បានមកទស្សនា ការប្រណាំងទូក ដើរទិញទំនិញតាមស្តង់តាំងពិពរណ៍ និងការប្រគំតន្ត្រី តាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈ ជាមួយដំណើរកម្សាន្តសប្បាយ ប្រកបដោយទឹកមុខរីករាយ ក្រោមម្លប់នៃសន្តិភាព។
តាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៦ វិច្ឆិកា ២០២៤ បានឱ្យដឹងថា ចំពោះការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយវិញ មានការការពាររក្សាសន្តិសុខ សុវត្ថិភាព ដោយយកចិត្តទុកដាក់ ពីបងប្អូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច ធ្វើឱ្យព្រះរាជពិធីនេះ មានសន្តិសុខសណ្តាប់ធ្នាប់ល្អណាស់ ពោលគឺពុំមានបញ្ហាអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើយ។
គួរឱ្យដឹងដែរថា សម្រាប់ថ្ងៃទី១ មានអ្នកចូលរួមទស្សនាកម្សាន្ត ជាង១លាន១សែននាក់ និងថ្ងៃទី២ មានប្រមាណជាង២លាន២សែននាក់ ខណៈថ្ងៃទី៣ ដែលជាថ្ងៃបិទបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង២លាន៩សែននាក់ ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្ត សប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី៕