ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ គូសបញ្ជាក់ថា ការប្រារព្ធឡើងនូវទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា គឺមានបំណងរើសសំរាម ដែលនៅសេសសល់ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងជាការអប់រំផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋយល់ដឹង ចេះទុកដាក់សំរាម និងថែរក្សាបរិស្ថានឱ្យល្អជានិច្ច ។
នេះជាការបញ្ជាក់របស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសដឹកនាំអ្នកចូលរួមប្រមាណ ១០២៦នាក់ មកពីមន្ទីរបរិស្ថាន ទីចាត់គ្រប់គ្រងសំណល់ និងបរិស្ថាន អង្គភាពជុំវិញរាជធានី រដ្ឋបាលខណ្ឌទាំង១៤ ប្រជាពលរដ្ឋ មកពីខណ្ឌបឹងកេងកង ចំការមន និងដូនពេញ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ គម្រោងស្អាត និងប្រតិបត្តិករទាំងបីក្រុមហ៊ុន ដើររើសសំរាម និងបោសសម្អាតបរិស្ថាន ធ្វើអនាម័យតាមសួនច្បារ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនច្បារវត្តបុទ្ធវត្តី ខណ្ឌដូនពេញ។
យើងបានដឹងហើយថា ក្រោយបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក សំរាមជាច្រើនត្រូវបានប្រមូលផ្តុំ នៅទីតាំងកម្សាន្តនានា ជាពិសេសតាមទីតាំងប្រារព្ធពិធី តែទោះជាយ៉ាងនេះក្តី សំរាមដែលមានចំនួនដ៏ច្រើនទាំងអស់នោះ មិនបានបន្សល់ ទុកឱ្យនៅពាសវាលពាសកាល តាមទីសាធារណៈនោះទេ ដោយសារតែបងប្អូនកម្មករ ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម សហការជាមួយកម្លាំង នៃមន្ទីរពាក់ព័ន្ធ របស់រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមបោសសំអាត និងដឹកជញ្ជូនចេញ តាំងពីម៉ោង១២យប់រហូតទល់ភ្លឺ ពោលធ្វើយ៉ាងណា ឱ្យទីក្រុងមានសោភ័ណ្ឌភាព និងអនាម័យបរិស្ថានល្អ ។
ក្នុងឱកាសទិវាខាងលើនេះ លោក ហួត ហៃ បានលើកឡើងថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នាឱកាសនេះ រៀបចំឡើងក្នុងគោលបំណង បំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន។ ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមាន ការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថាន។ ផ្តើមចេញពីបុគ្គលម្នាក់ៗ ចេះទទួលខុសត្រូវ លើការទុកដាក់សំណល់ ដោយមិនបោះចោលពាសវាលពាសកាល នៅតាមទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងដាំដើមឈើ ដើម្បីឱ្យមានភាពបៃតងស្រស់ ប្រកបដោយផាសុកភាព។
តាមរយៈលោក ហួត ហៃ នាឱកាសនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការកោតសរសើរ និងថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាមទាំង៣ មន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធ ដែលបានចូលរួមសហការ និងធ្វើសកម្មភាពព្រមៗគ្នា ដែលធ្វើឱ្យរាជធានីភ្នំពេញ មានបរិស្ថានល្អស្អាត ។ បន្ថែមពីនេះ លោក ហួត ហៃ ក៏បានអរគុណផងដែរ ចំពោះប្រជាពលរដ្ឋ ដែរបានចូលរួមសហការ ក្នុងការទុកដាក់សំរាមបានល្អ បង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារប្រមូលសំរាម ទើបអាចទទួលបានជោគជ័យធំធេងដូចពេលនេះ។
លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា “សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ សំរាមយើងប្រមូលបានល្អមែនទែន។ ការងារល្អបែបនេះ គឺដោយសារឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំដាក់ផែនការ យ៉ាងច្បាស់លាស់ ជាមួយនិងការត្រៀមលក្ខណៈទុកជាមុន ទាំងមធ្យោបាយ ទាំងកម្មករ ទាំងអ្នកទទួលខុសត្រូវ។ ជាក់ស្តែងសំរាប់រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ បងប្អូនក្រុមការងារទាំងអស់ បានធ្វើសកម្មភាពព្រមៗគ្នា ក្នុងនោះមានមន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នា នៅតាមតំបន់របស់គាត់គ្រប់គ្រង បានយ៉ាងល្អផងដែរ”៕