ខេត្តកំពង់ធំ: នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន៣០គ្រួសារ បានទទួលអំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលសម្ដេចនិងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន។ ជាមួយនេះដែរ សម្ដេចមហាបវរធិបតី និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារសូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ និងត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បាននាំយកនូវអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន៣០គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ ។
លោក សូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង តំណាងឲ្យអតីតយុទ្ធជនពិការ និង ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត បានសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និង សហការីទាំងអស់ ដែលតែងតែជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតជូនដល់បងប្អូនអតីតយុទ្ឋជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជននាពេលកន្លងទៅ ក៍ដូចជាថ្ងៃនេះ និងសូមគោរពជូនពរសម្តេច លោកជំទាវ និងក្រុមការងារទាំងអស់ សូមបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសំនៀង