ព័ត៌មានជាតិ

កាយរឹទិ្ធជាតិកម្ពុជា បានចូលរួមអនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជាថ្លែងឱ្យដឹងថា កាយរឹទិ្ធជាតិកម្ពុជាបានចូលរួមអនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ សំដៅរួមចំណែកអភិវឌ្ឍកម្មវិធីសម្រាប់កុមារនិងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សរ៍ទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិ និងថ្នាក់ដឹកនាំកាយរឹទ្ធិ ខេត្តបាត់ដំបង ចំនួន ១ ៩១៥នាក់ ស្រី ១ ០២៦នាក់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧ ដោយលោក Robert Stephenson Smyth Baden Powell-BP កើតនៅថៃ្ងទី២២ ខែកុម្ភៈ ឆ្នាំ១៨៥៧ នៅទីក្រុងឡុង៍ ប្រទេសអង់គ្លេស។ បច្ចុប្បន្ននេះ អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ (WOSM) មានសមាជិកជាអង្គការ/សមាគមជាតិកាយរឹទិ្ធ (National Scout Organization – NSO) ចំនួន១៧៦ និងមានសមាជិកជាកុមារនិងយុវជនចំនួន ៥៧លាននាក់ជុំវិញពិភពលោក(ទិន្នន័យWOSM2024)។ចលនាកាយរឹទិ្ធជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅក្នុងឆ្នាំ១៩៣៤ មកម្ល៉េះ ប៉ុន្តែដោយសារតែកត្តាប្រែប្រួលនយោបាយ និងអស្ថេរភាពសង្គម កាយរឹទិ្ធជាតិកម្ពុជាពុំមានដំណើរការនោះទេ។

នៅក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគរុគណនៃកាយរឹទិ្ធជាតិ កម្ពុជា ចលនាកាយរឹទ្ធិនៅកម្ពុជាត្រូវបានបង្កើតឡើងវិញ តាមរយៈមហាសន្និបាតលើកទី១ នៅ ថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ និងត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨។

លោក ហង់ជួន ណារ៉ុន គូសបញ្ជាក់ថា បច្ចុប្បន្ននេះកាយរឹទិ្ធជាតិ កម្ពុជាមានសមាជិកចំនួន ១៨០០០០ នាក់ ស្រី ៨៨១៥០នាក់ ស្មើនឹង៤៨,៩៧% ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារអប់រំ និងការអភិវឌ្ឍកុមារ និងយុវជន តាមរយៈកម្មវិធីអប់រំក្រៅប្រព័ន្ធ និងការអប់រំបែបកាយរឹទិ្ធកម្មដ៏មានប្រសិទ្ធភាព ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ កម្មវិធីសិក្សាក្រៅម៉ោងបន្ថែមរបស់សាលារៀនគំរូ។

ឆ្លៀតក្នុងឱកាសនេះលោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវកតញ្ញុតាធម៌ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការចលនាកាយរឹទ្ធិនៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានការរីកចម្រើន និងមានសកម្មភាពខ្លាំងក្លារហូតមកដល់បច្ចុប្បន្ននេះ។ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិនាថ្ងៃនេះ បានឆ្លើយតបទៅនឹងខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យយុវជនកម្ពុជាចូលរួមអនុវត្តគម្រោងសកម្មភាពនានា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងចូលរួមក្នុងបុព្វហេតុកសាងពន្លកយុវវ័យប្រកបដោយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បតិ្ត ថ្លៃថ្នូរ ជាពលរដ្ឋល្អ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចជួយអ្នកដ៏ទៃ ជួយសង្គមជាតិ និងភក្តីភាពជានិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ ដើម្បីរក្សាបាននូវគុណតម្លៃរបស់កាយរឹទិ្ធជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់ជូនបន្ថែមដល់ការងារអភិវឌ្ឍចលនាកាយរឹទិ្ធនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ដែលមានសកម្មភាពចាំបាច់មួយចំនួនរួមមាន៖

១-ថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញការងារក្លឹបកាយរឹទិ្ធ និងរចនាសម្ព័ន្ធកងល្បាតកាយរឹទិ្ធនៅតាមសាលារៀនគំរូ តាមរយៈពង្រឹងសកម្មភាពសិក្សាក្រៅម៉ោងបន្ថែម ពោលគឺ២ម៉ោងក្នុង១សប្តាហ៍ ដើម្បីបង្កើនគុណភាពអប់រំ និងបណ្តុះបណ្តាលធនធានកុមារ និងយុវជនក្លាយជាកាយរឹទ្ធិដ៏រឹងមាំ និងមានប្រយោជន៍ចំពោះសង្គមជាតិ។
២-កាយរឹទ្ធិថ្នាក់ក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ណែនាំកសាង និងពង្រឹងកងឯកភាពកាយរឹទិ្ធនៅតាមសាលាបឋមសិក្សា និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រោមឱវាទរបស់ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ។
៣-ថ្នាក់ដឹកកាយរឹទ្ធិនៅតាមកងឯកភាព(គ្រឹះស្ថានសិក្សា)ទាំងអស់ ត្រូវជួយឧបត្ថម្ភគាំទ្រ និងជួយបង្កលក្ខណៈឱ្យសមាជិកនៃកាយរឹទិ្ធជាតិកម្ពុជា បានធើ្វសកម្មភាពតាមផែនការកងល្បាតប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ និងលើកកម្ពស់ការយល់ដឹងលើជំនាញកាយរឹទិ្ធកម្ម និងពង្រឹងប្រព័ន្ធវាយតម្លៃបណ្ណវឌ្ឍនកម្ម បណ្ណជំនាញ និងការផ្តល់រង្វាន់កាយរឹទិ្ធកម្ម ដល់សមាជិកនៃកាយរឹទិ្ធជាតិកម្ពុជាដែលមានស្នាដៃឆ្នើមនៅក្នុងសាលារៀន។
៤-គណៈកម្មការប្រតិបតិ្តជាតិ រាជធានីខេត្ត និងក្រុង ស្រុក ខណ្ឌ គប្បីត្រូវបន្តស្វែងរកកិច្ចសហប្រតិបតិ្តការជាមួយអង្គការ សមាគម និងចលនាសហជីព ដើម្បីរៀបចំ ចងក្រងប្រព័ន្ធកងល្បាតកាយរឹទិ្ធសហគមន៍ ឱ្យមានការរីកចំរើន និងឆ្លើយតបទៅគោលនយោបាយរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ ដែលបានកំណត់យកគោលដៅយុទ្ធសាស្រ្តអាទិភាព ការពង្រីកសមាជិកភាព តាមរយៈចលនាកាយរឹទិ្ធ សហគមន៍ (Community-based in Scouting – CBS)៕

To Top