ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនៃអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងកិច្ចដំណើរការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកបំបុក ឆ្នាំ២០២៤ ឱ្យប្រព្រឹត្តទៅប្រកប ដោយសុវត្ថិភាពទាំងស្រុង។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និង កងកម្លាំងទាំងអស់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីសុឆន្ទៈ មនសិការ និងការលះបង់កម្លាំង កាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ធ្វើឲ្យព្រឹត្តិការណ៍នេះ សម្រេចបានជោគជ័យ យ៉ាងត្រចះត្រចង់ ដោយបានលើកស្ទួយកិត្តិយស កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ និងទទួលបាននូវការគាំទ្រ កោតសរសើរ លើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងនូវការកោតសរសើរ ដោយស្មោះ និងសូមជូនពរ ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យគ្រប់បេសកកម្មដែលរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងទទួលបាននូវពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top