ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តដល់សិស្សនិទ្ទេស A ខេត្តព្រៃវែង ជ្រើសរើសជំនាញរៀនឱ្យបានត្រឹមត្រូវ

ព្រៃវែង ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សខេត្តព្រៃវែង ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១១៩នាក់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានកោតសរសើរ និងលើកទឹកចិត្តដល់សិស្សនិទ្ទេស A ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាមោទនភាពមួយយ៉ាងធំក្រៃលែង និងជាកិតិ្តយសសម្រាប់ខេត្តព្រៃវែង ក្នុងបរិបទនៃការបន្តធ្វើកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជុំរុញឱ្យវិស័យអប់រំមានភាពរីកចម្រើនឡើងជាលំដាប់។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា លទ្ធផលដែលសិស្សានុសិស្សទទួលបាននេះ ក៏ដោយសារការចូលរួមពីលោកនាយក នាយិកា នាយករង លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានពុះពារ ពន្យល់ណែនាំ បង្ហាត់បង្រៀន លះបង់ទាំងកម្លាំងកាយចិត្ត ដោយមិនគិតពីពេលវេលា និងភាពនឿយហត់ ដើម្បីជាថ្នាលមួយ សម្រាប់ក្មួយៗសិស្សានុសិស្សយកទៅអនុវត្ត រហូតទទួលបាននូវជោគជ័យ ជាកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តលើកទឹកចិត្តដល់សិស្សានុសិស្សទាំងសិស្សដែលជាប់និទេ្ទស A និងមិនជាប់និទេ្ទស A ព្រមទាំងសិស្សានុសិស្សដែលប្រឡងធ្លាក់ គប្បីដាច់ខាតត្រូវតែបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងជ្រើសរើសជំនាញណាមួយ ឱ្យបានពិតប្រាកដ ច្បាស់លាស់ ត្រូវនឹងទេពកោសល្យរបស់ខ្លួន ព្រោះថា លទ្ធផលនៃការប្រឡងទោះជាប់ ឬធ្លាក់ គឺមិនទាន់បានកំណត់នូវជោគវាសនា ឬអនាគតរបស់ខ្លួនបានឡើយ បើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាព ក្រេបយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួន ជួយដល់គ្រួសារ និងប្រទេសជាតិ និងស្របតាមទីផ្សារការងារ ដែលកំពុងត្រូវការនាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានផ្ញើសារដល់ក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់មតេយ្យសិក្សា ថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ ទាំងអស់នៅទូទាំងប្រទេស ត្រូវបន្តខិតខំសិក្សារៀនសូត្រ ដើម្បីថ្ងៃអនាគតទទួលបានលទ្ធផល ឱ្យដូចទៅនឹងលទ្ធផលដែលសិស្សច្បងយើងទទួលបាននៅថ្ងៃនេះ ជាមោទនភាពសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។

ដើម្បីជាការលើកទឹកចិត្ត លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានឧបត្ថម្ភដល់ក្មួយៗប្រឡងជាប់និទ្ទេស A ទាំង ១១៩នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ៣០០ដុល្លារ។ ដោយឡែកលោកនាយក នាយិកាវិទ្យាល័យ ទាំង២៨ ដែលមានសិស្សជាប់និទ្ទេស A ក្នុងមួយវិទ្យាល័យ ថវិកា ចំនួន ២០ម៉ឺនរៀលផងដែរ៕

To Top