ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់ និងពិធីចែកសៀវភៅ គោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសដល់គ្រប់អង្គភាពស្ថិតក្រោមឱវាទក្រសួង។

ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិទ្យាស្ថានកំណើនបៃតងសកល (GGGI) មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត មន្ត្រីបច្ចេកទេស ដៃគូអភិវឌ្ឍន៍នានា និងអង្គភាពពាក់ព័ន្ធនានាជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានគូសរំលេចពីគោលបំណង នៃសិក្ខាសាលា ក្នុងគោលដៅផ្សព្វផ្សាយនូវគោលការណ៍ណែនាំសំខាន់ៗ ដែលក្រុមការងារ បច្ចេកទេសក្រសួង បានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ផ្តួចផ្តើមរៀបចំឡើងជាបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងប្រព័ន្ធទឹកកខ្វក់ សម្រាប់ជាត្រីវិស័យចង្អុលបង្ហាញនូវយន្តការ និងវិធានបច្ចេកទេសសម្រាប់ការអនុវត្តការងារប្រព័ន្ធទឹកកខ្វក់ និងអនាម័យនៅកម្ពុជា ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ សិក្ខាសាលានេះ ក៏ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ និងការលើកកម្ពស់សោភ័ណភាពបរិស្ថាន និងទីក្រុងប្រកបដោយចីរភាព ។
សិក្ខាសាលានៅព្រឹកនេះនឹងផ្សព្វផ្សាយ ចែករំលែក នូវសមិទ្ធផលថ្មីចំនួន ៤បន្ថែមទៀត រួមមាន ១) គោលការណ៍ណែនាំ សម្រាប់ប្រតិបត្តិការ និងថែទាំបណ្តាញ ប្រព័ន្ធទឹកកខ្វក់ ក្នុងព្រះរាជាណាចក្រកម្ពុជា ២) គោលការណ៍ណែនាំ ស្តីពីស្ថានីយប្រព្រឹត្តកម្មភក់បង្គន់ដោយប្រើបច្ចេកវិទ្យាអាងហាលភក់មានដាំរុក្ខជាតិ ៣) បទដ្ឋានបច្ចេកទេសសម្រាប់ការងារប្រព័ន្ធទឹកកខ្វក់ និង ៤) បទដ្ឋានគំនូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាម ដែលមានពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស សម្រាប់ចែកជូនដល់ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ហើយក៏នឹងមានបទបង្ហាញ អំពីខ្លឹមសារនៃបទដ្ឋាន និងគោលការណ៍ណែនាំផងដែរ ដោយមន្រ្តីបច្ចេកទេស នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងអ្នកជំនាញនៃវិទ្យាស្ថាន កំណើនបៃតងសកល (GGGI)។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ បានទទួលការអនុម័តក្នុងសម័យប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤, ទទួលបានការអនុម័ត យល់ព្រមពីរដ្ឋសភា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងត្រូវបានព្រឹទ្ធសភាបោះឆ្នោតអនុម័ត ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ។

ក្រោយពីសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ចូលជាធរមាន នឹងក្លាយជាឧបករណ៍គតិយុត្ត ដ៏មានសារៈសំខាន់មួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាន នូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ជាពិសេសការអនុវត្តផែនការមេហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗសម្រាប់គាំទ្រការអភិវឌ្ឍប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដោយអនុវត្តគោលការណ៍ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ និងការបដិសេធ ព្រមទាំងពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យការបំពុលផ្សេងៗទៅលើបរិស្ថាន និងសុខភាពសាធារណៈនៅកម្ពុជា៕

To Top