ភ្នំពេញ ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ដ្រីលី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានជួបប្រជុំពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Le Quang Hop អគ្គនាយករងអចិន្ត្រៃយ៍ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC) ដែលកិច្ចប្រជុំនេះ មានការចូលរួមពីលោក Juan Carlos Ruan ប្រធានអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-18_12-55-30-1024x768.jpg)
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណ និងទទួលស្គាល់ចំពោះការគាំទ្ររបស់វៀតណាម មកលើកម្ពុជា ក្នុងការរួមចំណែកការកសាងសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ ព្រមទាំងបានថ្លែងអំណរគុណវៀតណាម ចំពោះការបញ្ជូនគណៈប្រតិភូ មកចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នាប៉ុន្មានថ្ងៃខាងមុខនេះ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-18_12-55-33-1024x768.jpg)
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គររបស់ប្រទេសវៀតណាមនាពេលខាងមុខ គឺជាកាយវិការដ៏សំខាន់មួយនៅក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-18_12-55-36-1024x768.jpg)
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរវៀតណាម ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបោសសម្អាតមីន ដែលស្របតាមគោលការណ៍ នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស។ លោកប្រធានអនុសញ្ញាអូតាវ៉ា បានអះអាងថា ការចូលជាសមាជិករបស់វៀតណាមក្នុងអនុសញ្ញាអូតាវ៉ានេះ នឹងផ្ញើសារដ៏រឹងមាំ ទៅកាន់ពិភពលោក និងជំរុញប្រជាជាតិដទៃទៀតចូលរួមអនុសញ្ញានេះ និងរួបរួមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ទុក្ខលំបាក និងជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស ។
ក្នុងឱកាសនោះ លោកប្រធានអនុសញ្ញា អូតាវ៉ា បានស្នើឱ្យប្រទេសវៀតណាម គាំទ្រអនុសញ្ញានេះ ដោយបោះឆ្នោតគាំទ្រ សេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស និងដើរតួនាទីយ៉ាងសកម្ម ក្នុងការចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីន។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-18_12-55-40-1024x768.jpg)
លោកវរសេនីយ៍ឯក Le Quang Hop បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ព្រមទាំងបញ្ជាក់នឹងរាយការណ៍អំពីសំណើរបស់កម្ពុជាទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។
ទន្ទឹមនឹងនោះ វៀតណាម រីករាយក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភពលោក ហើយបញ្ជាក់ជាថ្មីថា ទោះបីជាវៀតណាមមិនមែនជារដ្ឋភាគីនៃអនុសញ្ញាក៏ដោយ ក៏វៀតណាមប្រកាន់ខ្ជាប់នូវគោលការណ៍នៃអនុសញ្ញានេះ ដែរ៕
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-18_12-55-44-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-18_12-55-48-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-18_12-55-24-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)