ព្រះសីហនុ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្ដល់សិទ្ធិទាំងស្រុងជូនរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមន្រ្តីផ្ទេរពីអង្គភាពផ្សេងៗ ចូលទៅបម្រើការងារ នៅរដ្ឋបាលសាលាក្រុងកំពង់សោម ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ដោយត្រូវរៀបចំជាកញ្ចប់ឱ្យត្រឹមត្រូវ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគារ រដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

កំពង់សោម ជាក្រុងថ្មី ដែលត្រូវបាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យបង្កើតឡើង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយកាត់យកឃុំ ចំនួន ៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។

ក្នុងឱកាសពិនិត្យទីតាំងដ៏ពិសិដ្ឋនោះ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោក ម៉ាង ស៊ីណេ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីជំនាញ បានធ្វើបទបង្ហាញគោរពជូន លោក ឧបនាយករដ្ឋមន្រ្តី ស សុខា អំពីទីតាំងភូមិសាស្រ្តជាក់ស្ដែង និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងទីតាំងត្រូវកំណត់ក្នុងគម្រោងប្លង់សង់អគាររដ្ឋបាល រួមទាំងអគារអង្គភាពចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដូចជា៖ អធិការដ្ឋាននគរបាលក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ផ្នែកសឹករងក្រុង និងសាខាកាកបាទក្រហមកម្ពុជាក្រុងជាដើម។

បញ្ចប់ការពិនិត្យទីតាំងផ្ទាល់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានបន្តដំណើរឆ្ពោះទៅកាន់សាលាខេត្តព្រះសីហនុ ដោយនៅទីនោះ ប្រមុខក្រសួងមហាផ្ទៃ បានចូលពិនិត្យស្ថានភាពអគាររដ្ឋបាលសាលាខេត្ត ដែលស្ថិតក្នុងអន្តរកាលនៃការសាងសង់ ព្រមទាំងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម រួមទាំងកិច្ចការពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនោះ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា បានប្រកាសផ្ដល់សិទ្ធិទាំងស្រុងជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំមន្រ្តីផ្ទេរពីអង្គភាពផ្សេងៗ ចូលទៅបម្រើការងារនៅរដ្ឋបាលសាលាក្រុងកំពង់សោម ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ដោយត្រូវរៀបចំជាកញ្ចប់ និងធានាថាមន្រ្តីទាំងនោះ នឹងមិនផ្ទេរចេញទៅវិញ៕



