ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កម្ពុជា ត្រៀមរួចជាស្រេច ក្នុងការរួមចំណែក ដល់សន្តិភាព ក្នុងតំបន់

សៀមរាប ៖ កម្ពុជា មានការត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់ ខណៈកម្ពុជា ធ្លាប់បានខាតបង់ពេលវេលា ដោយសង្គ្រាមស៊ីវិល ប៉ុន្តែកម្ពុជា បានសម្រេចនូវការស្តារឡើងវិញ នូវសន្តិភាពពេញលេញសម្រាប់រយៈពេលជាង ២ទសវត្ស ។ នេះបើតាមការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

នាឱកាសអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្នពិភពលោក កំពុងជួបប្រទះ នឹងបញ្ហាប្រឈមដែលពុំធ្លាប់មានពីមុន ខណៈពេលដែលភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ កំពុងបន្តឡើងកម្ដៅ ដែលមិនធ្លាប់ឃើញក្នុងប៉ុន្មានទសវត្សកន្លងមកនេះ។

សម្ដេចធិបតី បន្ដថា សង្គ្រាម ការបែកខ្ញែកផ្នែកសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ក៏កំពុងបន្ត គំរាមកំហែងអាយុជីវិតមនុស្ស ទូទាំងសកលលោក ក្នុងទំហំមិនអាចប៉ាន់ស្មានបាន។ ដោយរួមបញ្ចូលគ្នា បញ្ហាប្រឈមទាំងនេះ បានបង្អាក់ការងើបឡើងវិញផ្នែកសេដ្ឋកិច្ច ធ្វើឲ្យកើនឡើងអតិផរណា ការរាំងស្ទះ ខ្សែចង្វាក់ផលិតកម្ម និងការសម្រុះសម្រួលសន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍមនុស្ស។ សម្ដេច ថា «នេះជាមូល ហេតុដែលប្រធានបទនៃកិច្ចប្រជុំរបស់យើងទាន់ពេលវេលា និងមានការប្រទាក់ក្រឡា ខណៈដែលយើង ស្វែងរកការដំណោះស្រាយ នៃទំនួលខុសត្រូវរួម ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោកដែល កំពុងប្រឈម។ ខ្ញុំជឿជាក់ថា ទាំងអស់គ្នា យើងអាចរួមគ្នាលើកកម្ពស់ ការស្ដារឡើងវិញនៃសេដ្ឋកិច្ចនិង សង្គមរបស់យើង ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍ វិបុលភាព និងសំខាន់បំផុតគឺសន្តិភាពស្ថិតស្ថេរ»។

សម្ដេចធិបតី បន្ថែមថា កម្ពុជា ជារដ្ឋតូច ដែល ប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ រួមជាមួយការគោរពច្បាប់អន្តរជាតិ ដែលទាមទារឲ្យខិតខំក្នុងការពង្រឹងនូវភាពធន់ នៃជាតិ ក្នុងវិស័យនយោបាយសន្តិសុខ សង្គមសេដ្ឋកិច្ច និងវិស័យវប្បធម៌នានា។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «កម្ពុជាមានការត្រៀមរួចជាស្រេច ក្នុងការរួមចំណែក ដល់សន្តិភាពក្នុងតំបន់របស់យើង។ ជាការពិតណាស់ កម្ពុជាធ្លាប់បានខាតបង់ ពេលវេលាដោយ សង្គ្រាមស៊ីវិលដែលអូសបន្លាយជាច្រើនទសវត្ស ប៉ុន្តែយើងបានសម្រេចនូវការស្តារឡើងវិញ នូវសន្តិភាពពេញលេញសម្រាប់រយៈពេលជាង ២ទសវត្ស និងបានសម្រេចនូវវិបុលភាព តាមរយៈការធ្វើសេរីភាវូបនីយកម្ម សេដ្ឋកិច្ច និងការសមាហរណកម្មឡើងវិញ នូវសេដ្ឋកិច្ចសកល រហូតមកដល់បច្ចុប្បន្ន»៕

To Top