ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន រវាងកម្ពុជា​ និង​ឥណ្ឌូណេស៊ី បន្តធ្វើការជាមួយគ្នា សំដៅពង្រឹងនិងពង្រីក​ កិច្ចសហប្រតិបត្តិការថែមទៀត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជា និង ឥណ្ឌូណេស៊ី នៅក្នុងវិស័យជាច្រើន ព្រមទាំងបានលើកទឹកចិត្ត ក្រសួង-ស្ថាប័ន នៃប្រទេសទាំងពីរ បន្តធ្វើការជាមួយគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះប្រទេសទាំងពីរ នៅមានសក្តានុពលច្រើន ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួល ​នៃការពង្រឹងសហគមន៍​ នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI Executive Committee) នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Muhaimin Iskandar បានសង្កត់ធ្ងន់ថា​ ឥណ្ឌូណេស៊ី និងកម្ពុជា​ មានទំនាក់ទំនងដ៏យូរអង្វែង​ និងមានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន ព្រមទាំងគូសបញ្ជាក់​ អំពីសក្ដានុពលជាច្រើន​ ដែលប្រទេសទាំងពីរ អាចបំពេញឱ្យគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី ក៏បានកត់សម្គាល់អំពីសុខដុមរមនាសាសនា នៅក្នុងប្រទេសកម្ពុជា​ និងបានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា​ ដែលបានរៀបចំ យ៉ាងប្រសើរ នូវកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យ និយមកណ្ដាលអន្តរជាតិ និងចាត់ទុកថា សម្ព័ន្ធភាព​នៃអរិយធម៌​ គឺជាយន្តការដ៏សំខាន់មួយ សម្រាប់ការបង្កើនឥទ្ធិពល នៅក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ សម្ដេចបវរធិបតី បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី នៅក្នុងវិស័យជាច្រើន រួមមាន៖ វិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, និងវិស័យសន្តិសុខនិងការពាជាតិ ព្រមទាំងលើកទឹកចិត្តក្រសួង-ស្ថាប័ន នៃប្រទេសទាំងពីរ បន្តធ្វើការជាមួយគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះប្រទេសទាំងពីរ នៅមានសក្តានុពលច្រើន។

សម្តេច​បវរ​ធិបតី​ បានបញ្ជាក់ថា​ កម្ពុជាមានកិត្តិយស​ ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ដែលផ្តល់ឱកាសសម្រាប់ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍រួម។

សម្ដេចបវរធិបតី​ ក៏បានបន្ថែមថា នៅក្នុងសប្ដាហ៍នេះ ក្រៅពីកិច្ចប្រជុំរបស់អង្គការ IDC-CDI ប្រទេសកម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំចំនួន ពីរផ្សេងទៀតគឺ ៖ (១) មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្ស នយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ, និង (២) សម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ផងដែរ៕

To Top