ភ្នំពេញ៖ លោក ប្រាក់ សុខុន អាចនឹងវិលទៅកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងការបរទេស សារជាថ្មី ក្រោយរដ្ឋសភានឹងបើកសម័យប្រជុំពេញ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ស្អែកនេះ។
យោងតាម លទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ដោយមានរបៀបវារៈចំនួនបួន រួមមាន៖
១.ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។
២.ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
៣.ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
៤.ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕