ម៉ានីល៖ នៅថ្ងៃចន្ទនេះ ពលរដ្ឋហ្វីលីពីន បាននាំគ្នាឈូសឆាយដើមឈើ ដែលបានដួលរលំ និងជួសជុលផ្ទះ ដែលបានរងការខូចខាត បន្ទាប់ពីព្យុះដ៏ខ្លាំងក្លាទី៦ បានវាយប្រហារ មកលើប្រទេស ហ្វីលីពីន នៅក្នុងរយៈពេលមួយ ខែដោយបានបំផ្លាញ អគារឲ្យបាក់បែកខ្ទេចខ្ទី និងឆក់យកជីវិតមនុស្ស យ៉ាងតិចបំផុតចំនួន០៨នាក់ ។
ក្រុមសេវាអាកាសធាតុជាតិ បានព្រមានពីផលប៉ះពាល់ ជា “មហន្តរាយ ដែលអាចកើតមាន” ពីព្យុះ Man-yi ដែលជាព្យុះ ទីហ្វុងដ៏ខ្លាំង នៅពេលវាវាយប្រហារនៅចុង សប្តាហ៍កន្លងមកនេះ ប៉ុន្តែប្រធានាធិបតី លោក Ferdinand Marcos បានថ្លែងនៅថ្ងៃចន្ទនេះថា វា “មិនអាក្រក់ដូចដែលយើងខ្លាចនោះទេ” ។
ដោយផ្ទុកនូវល្បឿនខ្យល់ជាអតិបរមា១៨៥ គីឡូម៉ែត្រក្នុង១ម៉ោង ព្យុះ Man-yi បានបោកបក់ចូលកោះ Catanduanes កាលពីល្ងាចថ្ងៃសៅរ៍ និងកោះ Luzon ដែលជាកោះសំខាន់ កាលពីរសៀលថ្ងៃអាទិត្យ ។
ព្យុះនេះ បានធ្វើឲ្យដើមឈើ កាត់ផ្តាច់ខ្សែភ្លើង ធ្វើឲ្យបាក់ផ្ទះឈើ និង បង្កឲ្យមានគ្រោះបាក់ដី ប៉ុន្តែមិនបណ្តាល ឱ្យមានគ្រោះទឹកជំនន់ ធ្ងន់ធ្ងរនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា