ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង និងតែងតាំងមុខតំណែង ឯកអគ្គរាជទូត ៩រូប ។
ព្រះរាជក្រឹត្យព្រះមហាក្សត្រ ត្រាស់បង្គាប់៖ ១ ត្រាស់បង្កាប់ បញ្ចប់មុខតំណែង លោក កែវ ឈា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងប្រចាំរដ្ឋម៉ិកស៊ីកកូ ដែលមាននិវេសនដ្ឋាន នៅទីក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិក និងត្រាស់បង្គាប់តែងតាំងលោក កែវ ឈា ជាតំណាងអចិន្ត្រៃយ៍ និងជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងប្រចាំប្រទេសកាណាដា ដែលមាននិវេសនដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
២ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក កុយ ភួង ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងប្រចាំសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងសាធារណរដ្ឋម៉ាល់ឌីវ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា និងត្រាស់បង្គាប់តែងតាំង លោក កុយ ភួង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងប្រចាំរដ្ឋម៉ិកស៊ីកកូ ដែលមាននិវេសនដ្ឋាន នៅទីក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិក ។
៣ ត្រាស់បង្គាប់ តែងតាំងមុខតំណែង លោកស្រី រត្ន ម៉ានី បច្ចុប្បន្នអនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងប្រចាំសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងសាធារណរដ្ឋម៉ាល់ឌីវ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា ។
៤ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក ថៃ ជុន ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប ដែលមាននិវេសនដ្ឋានៅទីក្រុង សូហ្វីយ៉ា ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។
៥ ត្រាស់បង្គាប់ តែងតាំងមុខតំណែង លោក ជ័យ រដ្ឋា បច្ចុប្បន្នអគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុល និងព្រំដែន ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប ដែលមាននិវេសនដ្ឋានៅទីក្រុងសូហ្វីយ៉ា ។
៦ ត្រាស់បង្កាប់ បញ្ចប់មុខតំណែង លោក នង សាកល ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបែលហ្ស៉ិក និងប្រចាំប្រទេសអូទ្រីស ហូឡង់ លុចសំបួ និងអមសហភាពអឺរ៉ុប ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក ចូលប្រទេសដោយត្រូវចង់អាណត្តិបេសកកម្ម ។
៧ ត្រាស់បង្គាប់ តែងតាំង លោកស្រី គឹមសួគ៌ សុវណ្ណារី បច្ចុប្បន្នអគ្គនាយករង នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបែលហ្ស៉ិក និងប្រចាំប្រទេសអូទ្រីស ហូឡង់ លុចសំបួ និងអមសហភាពអឺរ៉ុប ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក ។
៨ ត្រាស់បង្គាប់ បញ្ចប់មុខតំណែងលោក ផន ពៅ ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។
៩ ត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក ស៊ិន សារៀម បច្ចុប្បន្នអគ្គនាយករង នៃអគ្គនាយករដ្ឋានអាស៊ាន ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន៕