ព័ត៌មានជាតិ

លោក តាន់ ហ្សង់ហ្វ្រង់ស័រ ៖ ការទូតសេដ្ឋកិច្ច ជាសកម្មភាពស្នូល លេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការ អន្ដរជាតិ បានថ្លែងឱ្យដឹងថា ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។

ការលើកឡើងរបស់ លោក តាន់ ហ្សង់ហ្វ្រង់ស័រ នាឱកាសអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ វេទិកាសារព័ត៌មាននេះ រៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅសាលសេរីភាព អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងថា ការទូតសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា បន្ដចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្ម សម្រេចឲ្យបាននូវគោលដៅឆ្នាំ២០៣០ និងគោលដៅឆ្នាំ២០៥០។

លោក បានបញ្ជាក់ថា «ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។ កាទូតសេដ្ឋកិច្ចនេះ ដៅសឹងទាំងស្រុងទៅរកការចូលរួមចំណែក រក្សាកំណើនសេដ្ឋកិច្ចនៃប្រទេស, បង្កើតការងារ, ពង្រឹងគុណភាពនៃវិស័យអប់រំ និងសុខាភិបាល»។

លោក បន្ថែមថា និយាយបែបផ្សេងទៀត ការទូតសេដ្ឋកិច្ច គឺចូលរួមចំណែកក្នុងការបន្តកាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

To Top