ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រីអ្នកឧកញ៉ា ចាន់ សុទ្ធា តំណាងក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD នាថ្ងៃ១៨ វិច្ឆិកាបានប្រកាសស្វាគមន៍និងគាំទ្រកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ នឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន លើគម្រោងផលិតអុកស៊ីសែន នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា ។
ជាមួយនឹងការប្រកាស ស្វាគមន៍នេះ លោករដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍ មួយផងដែរថា (១) ស្នើសុំឱ្យក្រុមហ៊ុនពិភាក្សា ការងារជាមួយ អ្នកជំនាញបច្ចេកទេសរបស់ក្រសួងជាមុន ដើម្បីកំណត់ពីមន្ទីរពេទ្យដែលនៅមានតម្រូវការជាក់ស្តែង , (២) គម្រោង នេះចាំបាច់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ លើភាពសុក្រិតនៃសម្ភារៈបរិក្ខារ ព្រោះថាអុកស៊ីសែនជាឱសថដែល មានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាពខ្ពស់ ក្នុងការព្យាបាល និងជួយអាយុជីវិតអ្នកជំងឺ , (៣) គម្រោង នេះគួរតែមាន ការអនុវត្តជំហានតូច ដើម្បីជាគម្រោង ការសាកល្បងគំរូ មុននឹងសម្រេចលើគម្រោង បន្ទាប់ និង(៤) សុំឱ្យមានទស្សនៈកិច្ច សិក្សារបស់ក្រុមហ៊ុន ទៅមន្ទីរពេទ្យដែលមានម៉ាស៊ីន ផលិតអុកស៊ីសែនឈានមុខគេ និងមន្ទីរពេទ្យដែលនៅមានតម្រូវការ ជំនួយលើការងារនេះផងដែរ។
គួរកត់សំគាល់ថា ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងតម្រូវការរបស់ក្រសួងសុខាភិបាល លើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការពិនិត្យលើតម្រូវការ ក្នុងការសាងសង់មណ្ឌលចាស់ជរា នៅកម្ពុជា។
សម្រាប់លោក LIAN YU LIN, អគ្គនាយកក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD បានថ្លែងអំណរគុណសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សាការងារជាមួយ រូបលោក និងក្រុមការងារ នៅទីស្តីការក្រសួងសុខាភិបាល ។ លោកអគ្គនាយក ក៏បាន បញ្ជាក់ជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែន នៅតាមមន្ទីរពេទ្យ សាធារណៈមួយចំនួន ដែលអាចនៅមានតម្រូវការ ។ លោកអគ្គនាយកបានប្តេជ្ញាចិត្ត និងផ្តល់ការយកចិត្តទុកដាក់ លើក្របខណ្ឌកិច្ច សហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់សាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ៕