ព័ត៌មានជាតិ

កម្ពុជា កំពុងខិតខំ ដោះស្រាយភាពរងគ្រោះ នៃបញ្ហាបទល្មើស ជួញដូរមនុស្ស បង្កដោយបរទេស

រូបភាពដើមអម្ពិល

ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា បច្ចុប្បន្នកម្ពុជា កំពុងដោះស្រាយនូវភាពរងគ្រោះ បញ្ហាបទល្មើសជួញដូរមនុស្ស បង្កដោយជនបរទេស ដែលមានលក្ខណៈសាំញ៉ាំ និងប្រកបដោយល្បិចកល នៃជនល្មើស ។

នៅក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេស ពិនិត្យ និងពិភាក្សាឆ្លងរបាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល ១០ខែ និងលើកទិសដៅការងារឆ្នាំ២០២៥ ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា អំពើជួញដូរមនុស្ស ភាគច្រើនបង្កឡើងដោយជនបរទេស គឺមានច្រើនទម្រង់ និងប្លែកៗ ដូចជាករណីខ្លះ ជនបរទេសជាជនល្មើសធ្វើការបោកប្រាស់ និងជួញដូរជនរងគ្រោះ រស់នៅក្នុងប្រទេសកម្ពុជា និងករណីខ្លះទៀត ជនល្មើសសម្ងំរស់នៅ ក្នុងប្រទេសកម្ពុជា ប៉ុន្តែធ្វើការបោកប្រាស់ ឬអូសទាញ ជនរងគ្រោះនៅប្រទេសផ្សេងៗ ។

លោកស្រី បានបន្តថា ចំពោះបញ្ហាបទល្មើស ជួញដូរមនុស្សនេះ ករណីខ្លះជនបរទេស ដែលជាជនល្មើសបោកប្រាស់ ជនជាតិផ្សេង ឬពលរដ្ឋខ្មែរ ហើយករណីខ្លះពួកគេបោកប្រាស់ ជនជាតិដូចគ្នា ដោយបញ្ហាជួញដូរ ស្ថិតក្រោមរូបភាពច្រើន ដូចជាការពពោះជំនួស ការគំរាមកំហែង និងសកម្មភាពផ្សេងៗតាមអនឡាញ ការតេតាមទូរស័ព្ទ ឬជួបផ្ទាល់ ។

លោកស្រី ជូ ប៊ុនអេង បន្ថែមថា សម្រាប់ជនល្មើស ក្នុងអំពើជួញដូរមនុស្ស មានករណីមួយចំនួន ជនល្មើសធ្វើការអូសទាញ និងករណីមួយចំនួនទៀត ជនរងគ្រោះមានការស្ម័គ្រចិត្តដោយខ្លួនឯង ហើយករណីនីមួយៗ សុទ្ធសឹងមានភាពសាំញ៉ាំ ដោយជនល្មើស និងភស្ដុតាងខ្លះនៅក្រៅប្រទេស ដែលពិបាកធ្វើស្រាវជ្រាវ ។

ជាមួយនេះ លោកស្រី រដ្ឋលេខាធិការ ក៏បានជំរុញបន្ថែម ដល់សមត្ថកិច្ចពាក់ព័ន្ធបន្តខិតខំដោះស្រាយ និងទប់ស្កាត់នូវរាល់ទម្រង់ នៃបទល្មើសជួញដូរផ្សេងៗ ដែលមានដូចជាការអប់រំផ្សព្វផ្សាយ និងការទប់ស្កាត់នៅតាមច្រកព្រំដែនជាដើម ។

ក្នុងឱកាសនោះ លោកស្រី ប្រធាន គ.ជ.ប.ជ បានគូសបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវមានភាពឈឺចាប់ នៅពេលដែលបរទេសបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងបញ្ជីជាប្រទេសមានចំណាត់ថ្នាក់ទាប ពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស ដោយត្រូវរួមប្រឹងប្រែងដោះស្រាយ កុំឲ្យមានការបណ្ដែតបណ្ដោយ ៕

To Top