ព័ត៌មានជាតិ

ក្រុមហ៊ុន ប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ខណៈលោក បង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា។

ជាកិច្ចចាប់ផ្ដើម លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានសម្ដែង នូវការអបអរសាទរ គោរពជូនចំពោះ សម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោត ជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការអបអរសាទរ ចំពោះភាពជោគជ័យក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលថ្មីៗនេះ។

លោក នាយកប្រតិបត្តិក្រុមហ៊ុន ក៏បានសម្ដែង នូវសេចក្ដីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចាប់អារម្មណ៍អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាធានីភ្នំពេញផងដែរ។ លោក នាយកប្រតិបត្តិក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក, អាកាសយានដ្ឋាន, និងវិស័យធនាគារ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយនឹងលោកនាយកប្រតិបត្តិក្រុមហ៊ុន ជាថ្មីម្ដងទៀត។

សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរក ឱកាសវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុន អំពីការដាក់ចេញ នូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការ ចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យ របស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សាររបស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។

សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្ត ឱ្យលោក នាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕

To Top