បរទេស៖ មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស លោក Muhammad Yunus បាននិយាយថា រដ្ឋបាលរបស់លោកនឹងស្វែងរកការធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ពីប្រទេសឥណ្ឌា។ លោកស្រី Hasina ត្រូវបានបណ្តេញចេញក្នុងខែសីហា បន្ទាប់ពីមានការតវ៉ាហិង្សាជាច្រើនសប្តាហ៍ ហើយតាំងពីនោះមក លោកស្រីគឺបានរស់នៅក្នុងប្រទេសជិតខាងគឺឥណ្ឌា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់ប្រជាជាតិកាលពីថ្ងៃអាទិត្យ ដែលជាការកត់សម្គាល់រយៈពេល ១០០ ថ្ងៃដំបូងរបស់លោកក្នុងការកាន់តំណែង លោក Yunus បាននិយាយថា រដ្ឋាភិបាលរបស់លោកគឺនឹងស្វែងរក “ការវិលត្រឡប់មកវិញរបស់មេដឹកនាំរបបផ្តាច់ការដែលដួលរលំ គឺលោកស្រី Sheikh Hasina ពីប្រទេសឥណ្ឌា” ដោយបន្ថែមថា លោកបានពិភាក្សារួចហើយអំពីបញ្ហានេះជាមួយប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ Karim Khan ។
លោក Yunus ដែលជាសេដ្ឋវិទូដែលឈ្នះរង្វាន់ណូបែលសន្តិភាព ត្រូវបានប្រគល់ភារកិច្ចឱ្យដឹកនាំរដ្ឋាភិបាលអន្តរកាលក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីការបណ្តេញលោកស្រី Hasina ក្នុងខែសីហា។
នៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera ដែលបានចាក់ផ្សាយនៅពេលក្រោយកាលពីថ្ងៃអាទិត្យ លោក Yunus បានអះអាងថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក គួរតែអាច “ដោះស្រាយវាដោយមិត្តភាព” ជាមួយប្រទេសឥណ្ឌា។ លោកថា “យើងទាក់ទាញការយកចិត្តទុកដាក់ដល់អាជ្ញាធរឥណ្ឌាដែលអ្នកកំពុងធ្វើជាម្ចាស់ផ្ទះរបស់គាត់ (Hasina)។ វាមិនអីទេ ប៉ុន្តែសូមប្រាកដថា លោកស្រីមិនបង្កើតបញ្ហាសម្រាប់យើងទេ»៕
ប្រែសម្រួលៈ ណៃ តុលា