ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជំរុញភាគីទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជា ដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករ យកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ ។
ការជំរុញធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យលោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ សម្ដេចតេជោបានកោតសរសើរ និងមានមោទនភាពចំពោះការរីកចម្រើនលើគ្រប់វិស័យ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជានិងទីម័រឡេស្តេ ដោយទំហំពាណិជ្ជកម្មក៏បានកើនឡើង ពិសេសអរគុណទីម័រឡេស្តេដែលបាននាំអង្ករពីកម្ពុជា ចំនួន៤ពាន់តោននៅឆ្នាំ២០២៤នេះ។
សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា «ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ ទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជា ដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករ យកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗ ដើម្បីផ្ដល់ក្នុងវិស័យចិញ្ចឹមសត្វ ផងដែរ»។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា យើងមានលទ្ធភាពបំពេញឱ្យគ្នាទៅវិញទៅមក ដោយទីម័រឡេស្តេមានសមត្ថភាពនិងបទពិសោធន៍ ក្នុងការគ្រប់គ្រងថាមពល ហើយកម្ពុជាមានស្បៀង ដែលយើងនឹងអាចផ្លាស់ប្ដូរបទពិសោធន៍ធ្វើអាជីវកម្មជាមួយគ្នា ហើយកម្ពុជាត្រូវការរៀនសូត្រពីទីម័រឡេស្តេ នូវការគ្រប់គ្រងធនធានប្រេង ដោយកម្ពុជានៅមិនទាន់បានវិនិយោគឬក៏យកផលប្រយោជន៍ ពីធនធានប្រេងដែលមាននៅក្នុងដែនសមុទ្រ និងដែនដីគោកនៅឡើយទេ៕