ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ និង ធនាគារពិភពលោក បានបន្តសហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ» ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. នៅ Raffles Hotel Le Royal។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធជាអន្តរជាតិ ក្នុងការកែទម្រង់រចនាសម្ព័ន្ធ ដែលក្នុងនោះក៏រួមបញ្ជូលការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីពង្រឹងប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃស្ថាប័នក្នុងវិស័យសាធារណៈកាន់តែល្អប្រសើរ ព្រមទាំងជាធាតុចូលយ៉ាងសំខាន់ ក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្រោមការដឹកនាំដ៏មោះមុតបំផុតប្រកបដោយថាមពល បុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងប្រសាសន៍ស្វាគមន៍ លោក Igor Driesmans ឯកអគ្គរាជទូតសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា «សិក្ខាសាលានាពេលនេះ មានសារសំខាន់ណាស់ក្នុង ការដោះស្រាយបញ្ហា ពាក់ព័ន្ធនឹង ការធ្វើកំណែទម្រង់ស្ថាប័ន ការពង្រឹងការអភិវឌ្ឍវិស័យសាធារណៈ គាំទ្រការត្រួសត្រាយផ្លូវប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជាប្រទេសដែលមាន ចំណូលខ្ពស់ ។ មានតែស្ថាប័នសាធារណៈ ដែលមានសមត្តភាពប៉ុណ្ណោះ ដែលអាចបំលែងធនធានសាធារណៈ ប្រកបដោយប្រសិទ្ធភាព ជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង។ ការពិនិត្យមុខងារ ឬការវិភាគមុខងារ ពិតជាមានសារសំខាន់ក្នុងការពង្រឹងស្ថាប័ន និងជាមូលដ្ឋានគ្រឹះក្នុងការដាក់នូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព»។

លោក ក៏បានលើកឡើងបន្ថែមថា ការវិភាគមុខងារ បម្រើនូវគោលបំណងសំខាន់ៗ រួមមាន៖ទី១.ការធានានូវការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាល, ទី២.ការវាយតម្លៃស្ថាប័ន, ទី៣.ការវាយតម្លៃធនធានមនុស្ស និងទី៤.ការកែលម្អឥតឈប់ឈរ ។

សូមជម្រាបថា សិក្ខាសាលាមានរៀបចំ បទបង្ហាញបទបទពិសោធន៍ និងករណីសិក្សារបស់ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌូនេស៊ី ស្តីពីកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃវិស័យសាធារណៈ និងការទាញយកបទពិសោធន៍អន្តរជាតិសម្រាប់កំណែទម្រង់នៅប្រទេសកម្ពុជា ដោយអ្នកជំនាញក្នុងវិស័យសាធារណៈជាតិ និងអន្តរជាតិ ព្រមទាំងលំហាត់ពិភាក្សាផងដែរ។

ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានសហការជាមួយ ក្រសួងមុខងារសាធារណៈ ក្នុងក្របខណ្ឌ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានត្រៀមរៀបចំសិក្ខាសាលា ពាក់ព័ន្ធនឹងប្រធានបទ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ស្ថិតក្រោមការអនុវត្តកិច្ចសហប្រតិបត្តិការកន្លងមក នៃគម្រោងឧត្តមានុវត្តន៍នៃ ភាពជាអ្នកដឹកនាំ (Leadership and Innovation Program, LIP)។

ទន្ទឹមនឹងនេះសិក្ខាសាលាខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែក ឧត្តមានុវត្តន៍ និងបទពិសោធន៍ ជាអន្តរជាតិក្នុងការកែទម្រង់រចនាសម្ព័ន្ធ ដែលក្នុងនោះក៏រួមបញ្ចូលការ ធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីពង្រឹងប្រសិទ្ធភាពនិងសក្តិសិទ្ធភាពនៃស្ថាប័នក្នុងវិស័យសាធារណៈកាន់តែល្អប្រសើរ ដូច្នេះអគ្គ លេខាធិការដ្ឋាន គ.ក.ស នឹងសហការជាមួយធនាគារពិភពលោក (World Bank) រៀបចំ សិក្ខាសាលាស្តីពីការពិនិត្យ ឡើងវិញ និងការវិភាគមុខងារ ៖ កំណែទម្រង់រចនាសម្ព័ន្ធដើម្បីលើកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។ សិក្ខាសាលា នេះ គ្រោងរៀបចំរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) ៕




