ព័ត៌មានអន្តរជាតិ

ការចូលរួម របស់អង្គការណាតូ ក្នុងជម្លោះជាមួយរុស្ស៊ី ជារឿងគ្រោះថ្នាក់បំផុត

AFP

បរទេស ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគី លោក Matus Sutaj Estok បានព្រមានថា វានឹងមានគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើបណ្តាប្រទេសអង្គការណាតូ ត្រូវបានទាញចូលទៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារសារព័ត៌មាននៃសាធារណរដ្ឋស្លូវ៉ាគីបានដកស្រង់សម្តីរបស់លោក Estok ឲ្យដឹងថា ការប្រើប្រាស់សក្តានុពលនៃការប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយរបស់អាមេរិក អង់គ្លេស និងបារាំង ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី នឹងបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីរុស្ស៊ី។ លោកបានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ប្រសិនបើកាំជ្រួចរបស់ងង្គការណាតូ បានវាយប្រហារទីក្រុងរុស្ស៊ីនោះ ការសងសឹកដ៏ឃោរឃៅពីរុស្ស៊ី នឹងកើតឡើងដោយស្វ័យប្រវត្តិ” ។ លោកគូសបញ្ជាក់ថា អ៊ុយក្រែន នឹងជាប្រទេសដំបូងគេ ដែលទទួលរងផលវិបាក។

លោកបានលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងនាពេលថ្មីៗនេះអំពីលទ្ធភាពនៃការបញ្ចប់ការទូតចំពោះជម្លោះ ប៉ុន្តែលោកខាងលិចបានឆ្លើយតបដោយអនុញ្ញាតឱ្យមានការបាញ់ផ្លោងលើទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលសម្ព័ន្ធមិត្ត ដោយបន្ថែមថា នេះអាចជាឧបសគ្គដល់ការចរចាសន្តិភាព។

រដ្ឋមន្ត្រីមហាផ្ទៃក៏បានសង្កត់ធ្ងន់ថា សង្គ្រាមនៅអ៊ុយក្រែន កាន់តែកើនឡើងមុនការចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកថ្មី។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិកដែលចាកចេញពីតំណែងលោក ចូ បៃដិ បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ដើម្បីវាយប្រហារលើគោលដៅនានាក្នុងទឹកដីរុស្ស៊ី។

ប្រសិនបើសព្វាវុធទាំងនេះត្រូវបានដាក់ពង្រាយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “នេះនឹងកត់សម្គាល់នូវភាពតានតឹងថ្មី និងស្ថានភាពថ្មី ទាក់ទងនឹងការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះនេះ”។ លោកបានបញ្ជាក់ជាថ្មីថា ជំហររបស់ក្រុងម៉ូស្គូ លើបញ្ហានេះគួរតែមានភាពច្បាស់លាស់ ចំពោះអ្នករាល់គ្នា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top