ភ្នំពេញ៖លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺមានរយៈពេល១ឆ្នាំ ដែលកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ទទួលបានសិស្សចុះឈ្មោះចូលរៀន សរុបចំនួនជាង ៧៣០០០នាក់។
បើតាមលោករដ្ឋលេខាធិការ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះចំនួនសិស្ស បានបញ្ចប់ការសិក្សាមានជាង ១៤០០០នាក់នៅទូទាំងប្រទេស ហើយយុវជនទាំងនោះ បានទទួលការងារធ្វើ និងមានចំណូលសមរម្យ ។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលនេះ បាននិងកំពុងបន្តបេសកកម្ម របស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញ ដល់យុវជនយ៉ាងសកម្ម នៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស នៅទូទាំងប្រទេស ក៏បានប្រកាសជ្រើសរើស យុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ។
លោករដ្ឋលេខាធិការបន្ថែមថា ដើម្បីកៀរគរយុវជនចុះឈ្មោះចូលរៀនជំនាញមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម សហការជាមួយអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋាននិងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និង ចែកខិតប័ណ្ណតាមទីតាំងសាធារណៈយ៉ាងផុសផុល ដើម្បីកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន ។
លោករដ្ឋលេខាធិការលើកឡើងថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។
លោកបានអំពាវនាវដល់យុវជន ដែលមិនទាន់បានចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញ វិជ្ជាជីវៈដោយឥតបង់ថ្លៃ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា។ ដោយឡែក យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ទទួលបានការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ០០០០រៀល ផងដែរ។
សម្រាប់សាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕