ភ្នំពេញ៖ ថ្លែងចំពោះមុខនិស្សិតរាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ជុំវិញករណី «កោះគុត» រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ជាជាងប្រើយន្តការជម្លោះដោយកម្លាំងប្រដាប់អាវុធ។
នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល ប្រកាន់ជំហរចាស់ទុំ ដោយប្រកាន់គោលការណ៍មិនយកភ្លើងចូលផ្ទះ ជុំវិញបញ្ហា «កោះគុត»។
សម្ដេចធិបតី គូសបញ្ជាក់ថា «ចម្លើយហេតុអីរដ្ឋាភិបាលនៅស្ងៀម មិននិយាយស្ដី គឺផ្អែកនៅលើមូលដ្ឋានពីរ ទីមួយភាពចាស់ទុំខាងនយោបាយ និងទីពីរ គឺការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ក្នុងការ ការពារទឹកដី។ យើងប្រកាន់គោលការណ៍ មិនយកភ្លើងចូលផ្ទះ»។
ក្រោយមានអ្នកចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើឱ្យបាត់ «កោះគុត» នោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ជាសំណួរថា តើមានអំណះអំណាងអ្វីមកបញ្ជាក់ថា «កោះគុត» កាប់កាន់ដោយភាគីថៃ ខណៈភាគីកម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាផងនោះ ហើយភាគីទាំងពីរ បាននិងកំពុងចរចាគ្នា។
សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាល មានភាពទទួលខុសត្រូវចំពោះជាតិ ព្រោះថា រឿងព្រំដែនត្រូវប្រើរយៈពេលវែង និងអត់ធ្មតណាស់ ដូច្នេះ ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការ ការពារទឹកដី ឲ្យបានជាដាចខាត់។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «យើងប្រកាន់ជំហរការដោះស្រាយដោយសន្ដិវិធី ជៀសវៀងការប្រើហឹង្សា តាមរយៈយន្ដការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្ដរជាតិ។ យើងប្រើគណៈកម្មាធិការ ប្រើច្បាប់អន្ដរជាតិ»៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									