ព័ត៌មានជាតិ

សម្តេចធិបតី៖ ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និរន្តរភាព ​និងស្ថេរភាព នៃការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និងនិរន្តរភាព ​និងស្ថេរភាពនៃការអនុវត្ត គោលនយោបាយដ៏ត្រឹមត្រូវ ដែលជាកិច្ចការសំខាន់ ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “យុទ្ធសាស្ត្របញ្ញកោណអាណត្តិទី៧នេះ យើងដាក់គោលដៅនៅតែមនុស្សជាអទិភាពទី១ ថវិកាធំសម្រាប់នៅក្នុងការពង្រឹងក្នុងវិស័យអប់រំ ហើយយកចិត្តទុកដាក់ទៅលើគ្រូ ហេរដ្ឋារចនាសម្ព័ន្ធ កែឆ្នៃ និងការបើកឱកាសចូលរួម ពីសកលវិទ្យាល័យឯកជនទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាបណ្តុះបណ្តាល” ។

ទាក់ទិននឹងការលើកឡើង របស់ក្រុមប្រឆាំងនៅក្រៅស្រុក ដែលលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧នេះ គ្មានគោលនយោបាយអីប្លែកសោះនោះ សម្តេចធិបតី បានចោទសួរទៅវិញថា “ចង់ឱ្យធ្វើបដិវត្ត បានគេហៅថាប្លែក?” ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា “ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និងនិរន្តរភាព ​និងស្ថេរភាពនៃការអនុវត្តគោលនយោបាយ ដ៏ត្រឹមត្រូវសំខាន់ណាស់” ។

ជាមួយគ្នានេះ សម្តេចធិបតី បញ្ជាក់ថា “គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាគោលនយោបាយ ដែលអនុម័ត្តដោយអង្គសន្និបាត​ របស់គណបក្សប្រជាជនកម្ពុជា ជាគោលនយោបាយ ដែលអនុវត្តមានប្រសិទ្ធភាព ហើយយើងធ្វើការ កែសម្រួលគោលនយោបាយរបស់យើង ផ្អែកទៅលើអ្វីដែលដើរ ។ បញ្ញកោណ បន្ថែមមួយមុំ ទៅលើចតុកោណ” ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ការធានាមួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺការធានានូវនិរន្តភាព និងលំនឹងនៃការអភិវឌ្ឍប្រទេស ធានាបាននូវសុខសន្តិភាព ស្ថេរភាព គោលនយោបាយ ដែលមានភាពច្បាស់លាស់ ប្រាកដប្រជា និងលំនឹងនៃគោលនយោបាយ អនុវត្តកាន់តែមុតស្រួច មានប្រសិទ្ធភាព ដើម្បីជំរុញប្រទេសយើង ឱ្យអភិវឌ្ឍកាន់តែរឹងមាំ នេះគឺជាកិច្ចការសំខាន់”៕

To Top