ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងនឹងសហការជាមួយវិស័យឯកជន រៀបចំជា business matching, FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីជំរុញសកម្មភាព នៅក្រោមក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា- ឥណ្ឌាលើកទី១» និង «ឆ្នាំ ទស្សនាសៀមរាប» ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំ លើការងារជំរុញវិស័យទេសចរណ៍ ទៅទីផ្សារឥណ្ឌា និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងកម្ពុជា និងឥណ្ឌា ព្រមទាំងការរៀបចំផែនការ សម្រាប់ទាក់ទាញអ្នកវិនិយោគ ក្រុមហ៊ុនធំៗ ភ្ញៀវទេសចរឥណ្ឌា ដោយសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការរៀបចំកញ្ចប់ទស្សនា និងជើងហោះហើរត្រង់មកកាន់កម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ។
ឆ្លៀងក្នុងឱកាសដ៏មានតម្លៃនេះ លោករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះ លោកស្រី រត្ន ម៉ានី ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងបានគាំទ្រ ចំពោះការផ្តល់កិច្ចសហការ ការផ្តល់នូវសេវាទេសចរណ៍ដ៏ល្អប្រសើរ ជាពិសេស លោករដ្ឋមន្ត្រី បានផ្តល់ជូននូវសៀវភៅទេសចរណ៍ ជាភាសាអង់គ្លេស និងបានផ្តល់នូវវីដេអូទេសចរណ៍កម្ពុជាជូនទៅ លោកស្រី សម្រាប់ការផ្សព្វផ្សាយ នៅសាធារណរដ្ឋឥណ្ឌាផងដែរ។
ថ្លែងក្នុងកិច្ចជំនួបដ៏មានសារៈសំខាន់នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រសួងនឹងសហការជាមួយវិស័យឯកជន រៀបចំជា business matching, FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីជំរុញសកម្មភាព នៅក្រោមក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា- ឥណ្ឌាលើកទី១» និង «ឆ្នាំ ទស្សនាសៀមរាប» និងបានស្នើឱ្យ លោកស្រីឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ជួយបង្ហាញសារ ឬ វីដេអូ អំពីស្ថានភាពពិត នៅកម្ពុជារួមមាន៖ កត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្ម រមណីយដ្ឋាន ម្ហូបអាហារ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា ទៅកាន់ប្រជាជន និងទេសចរអន្តរជាតិ អាចដើរលេងកម្សាន្ត ទាំងនៅពេលថ្ងៃ និងពេលយប់ ទៅកាន់ប្រជាជនឥណ្ឌា និងសហគមន៍ឥណ្ឌា តាមបណ្តាញសង្គម ដែលនិយមប្រើប្រាស់ នៅប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌាផងដែរ៕