ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់បន្ថែម លើបញ្ហាព្រំដែនទឹកកម្ពុជា-ថៃ ជុំវិញការចោទប្រកាន់ថា មានការស៊ុមគ្រលុំគ្នា ដើម្បីបានផលប្រយោជន៍ រវាងគ្រួសារសម្តេចតេជោ និងគ្រួសារលោក ថាក់ ស៊ីន អតីតនាកយករដ្ឋមន្ត្រីថៃ ដែលបច្ចុប្បន្នសម្តេចតេជោ និងលោក ថាក់ ស៊ីន សុទ្ធតែជាឪពុកនាយករដ្ឋមន្ត្រីដូចគ្នាថា គ្មានរឿងនេះនោះទេ ។
ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និង ផ្សព្វផ្សាយ ទិសដៅការងារឆ្នាំ ២០២៥ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ ទាំងខាងប្រទេសថៃ និងកម្ពុជា មានការផ្ទុះចែកចាយព័ត៌មានជុំវិញ តំបន់ត្រួតស៊ីគ្នា ព្រំដែនទឹកកម្ពុជា-ថៃ ជាពិសេសក្រុមប្រឆាំងក្រៅស្រុក កំពុងទាញផលប្រយោជន៍នយោបាយ លើបញ្ហាកោះគុតតែម្តង ។
សម្តេចធិបតី មានប្រសាសន៍ថា «ដែលការចោទថា មានការស៊ុមគ្រលុំគ្នា ដើម្បីបានផលប្រយោជន៍ រវាងគ្រួសារសម្តេចតេជោ និងគ្រួសារឯកឧត្តម ថាក់ ស៊ីន គឺគ្មានទេ កិច្ចការងារនេះ គ្មានធ្វើអីស្ងាត់ទេ ខ្ញុំបានប្រកាសកាលពីខ្ញុំទស្សនកិច្ចផ្លូវការ ជាមួយឯកឧត្តម អតីតនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានបញ្ជាក់ជំហរនៅសន្និសីទព័ត៌មាន ថាយើងពិភាក្សាគ្នា ហើយក៏មិនមែនរឿងថ្មីដែរ បានចរចាគ្នាតាំងពីដូច៩៥ ទម្រាំតែបាន២០០១ បានយើងចេញ MOU ហើយបានចរចាគ្នាបន្តមកទៀត ដើម្បីផលប្រយោជន៍រួម រឿងសេដ្ឋកិច្ច ហើយក៏គ្មានពាក់ព័ន្ធការធ្វើឱ្យបាត់ បោះបង់សិទ្ធិនៅក្នុងការចរចាព្រំដែននេះដែរទេ រឿងព្រំដែនគណៈកម្មកាចរចាព្រំដែន រឿងសេដ្ឋកិច្ចយើងចរចារឿងសេដ្ឋកិច្ចដើម្បីចែកផលគ្នា (ប្រទេសនិងប្រទេស)» ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា «ប៉ុន្តែសម្រាប់សន្តិសុខថាមពល ក៏ដូចជាការជួយជំរុញសេដ្ឋកិច្ច ផលច្រើនណាស់ យើងអាចទាញយកមកប្រើប្រាស់ចែករំលែក រវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍ប្រជាជន គ្មានគ្រួសារសម្តេចតេជោ គ្រួសារឯកឧត្តម ថាក់ ស៊ីន ទៅយករាប់ពាន់រាប់រយពាន់បារ៉ែល ទៅដាក់នៅណា អត់ទេ គឺមានតែយកមកជួយធ្វើឱ្យថ្លៃហ្គាស នៅក្នុងប្រទេសចុះថោក ថ្លៃអគ្គិសនី ឱ្យប្រជាពលរដ្ឋ» ៕