ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើឱ្យអ្នកនយោបាយទាំងឡាយ គួរគិតពីផលប្រយោជន៍ជាតិជាធំ ជាពិសេសកុំយករឿងបូរណភាពទឹកដី ទៅបន្ថែមល្បោយនាំឱ្យខាតបង់ ប្រយោជន៍ជាតិ នាំឱ្យបាត់បង់ទំនាក់ទំនង រវាងប្រទេសជិតខាង ។
ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “អ្នកនយោបាយដែលគិតពីផលប្រយោជន៍ជាតិ ត្រូវគិតអំពីអ្វីដែលយើងធ្វើ អាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ការស្រលាញ់ជាតិដូចគ្នាទេ វិធីសាស្ត្រធ្វើគឺ សូមឱ្យមហាជន បងប្អូន ប្រជាជនយើងយល់ ថាកុំយកបញ្ហារឿងបូរណភាពទឹកដី ក្លាយទៅជាដាក់ម្ទេស ដាក់ម្រេច ដាក់អំបិលក្លាយទៅជា រឿងនយោបាយ ដើម្បីចេញចំណេញ ទៅរឿងនយោបាយ វាធ្វើឱ្យខាតប្រយោជន៍ជាតិជាធំ វាធ្វើឱ្យបាត់បង់ទំនាក់ទំនងរវាងប្រទេសជិតខាង ដោយមិនមានហេតុផល” ។
ជាមួយគ្នានេះ សម្តេចធិបតី បន្ថែមថា “សុទ្ធតែកើតពីការយល់ច្រឡំ ទុកឱ្យយន្តការផ្លូវការរបស់យើងធ្វើការទៅ គឺយន្តការដែលបានឯកភាពគ្នា យន្តការព្រំដែននៃប្រទេសទាំងពីរ ចរចាគ្នាទៀតទៅ ព្រំដែនគោកយើងបោះបង្គោល៤២បាន ចរចាដើម្បីកំណត់ការឯកភាពគ្នា លើបង្គោលប៉ុន្មានទៀត ដើម្បីរៀបចំកន្លែងណាយើងឯកភាពហើយ បើកព្រំដែនសេដ្ឋកិច្ចទៅ កន្លែងណាព្រំដែនសមុទ្រ ដែលមិនទាន់មានការឯកភាព យើងបន្តចរចាគ្នាទៀតទៅ ផលសេដ្ឋកិច្ចដែលជជែកគ្នាបាន ដែលមិនប៉ះពាល់រឿងអធិបតេយ្យភាព បើអាចជជែកបានយើងធ្វើ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ”៕