ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រកាសកែសម្រួល ទីបញ្ជាការស្រាល និងពង្រឹងតួនាទី/ភារកិច្ច និងឧបត្ថម្ភអំណោយ ជូនកងកម្លាំងចម្រុះ នៅតំបន់ដែន ព្រៃជម្រកសត្វបឹងពែរ!

កំពង់ធំ: នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ខេត្តកំពង់ធំ  បានដឹកនាំកិច្ចប្រជុំ ប្រកាស សេចក្តីសម្រេចស្ដីពីការកែសម្រួលទីបញ្ជាការស្រាលក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ និងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ភេសជ្ជៈ និងថវិកាមួយចំនួន ដែលជាអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវទៀតផងដែរ ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្ត បានណែនាំដល់មន្ត្រីក្រោមឱវាទ និងអាជ្ញាធរដែនដី​ ត្រូវផ្សព្វផ្សាយ ជូន​ដល់ប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាបអំពីច្បាប់ ស្តីពីការគ្រប់គ្រងការពារតំបន់ ធនធានធម្មជាតិ និង​ដោយ​ឡែក ​ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុង​បន្ត​សកម្មភាព​លើដី ដែលច្បាប់ហាមឃាត់ ត្រូវបញ្ឈប់ជាបន្ទាន់ និងមិនត្រូវកាប់ទន្ទ្រានព្រៃឈើ ក្នុងតំបន់ហាមឃាត់ជាថ្មីទៀត ជា​ដាច់​ខាត​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួន ជូនដល់កងកម្លាំងចម្រុះ ទាំងពីរគោលដៅ នៃទីបញ្ជាការស្រាល ត្រូវប្តេជ្ញាចិត្ត ឱ្យបានដាច់ខាត គោរពអនុវត្តឱ្យបាន ម៉ឺងម៉ាត់ តាមច្បាប់ បទបញ្ជា និងលិខិតបទដ្ឋាននានា ដែលបានដាក់ចេញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមភារកិច្ច ដែលបានប្រគល់ជូន ក្នុងនោះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់អាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ចជំនាញ ត្រូវផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រូតជ្រាប​  និង​ត្រូវ​អនុវត្តន៍​វិធានការ​ច្បាប់​យ៉ាង​មុឺងម៉ាត់​ ដោយគ្មានការលេីកលែង​ ចំពោះ​ជន​ណា ​នៅ​តែ​បំពាន​ក្នុង​ការ​ទន្រាន យកដីរដ្ឋធ្វេីជាកម្មសិទ្ឋ​។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូនប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ថ្នាំពេទ្យ និង ថវិកាចំនួន ២​ លាន​ រៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​កំពង់ធំ​ ព្រម​ទាំង​ជំនួយ​ឧបត្ថម្ភ​ របស់​លោក​តុប​ កក្កដា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់​ធំ​ ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តធ្វើសកម្មភាព ដោយគ្មានការដកថយឡើយ ៕ ដោយសំនៀង

To Top