បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថាមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាមេរិក និងអង់គ្លេស ផ្គត់ផ្គង់ដល់អ៊ុយក្រែន ត្រូវបានគេប្រើប្រាស់ ប្រឆាំងនឹងគោលដៅនានា នៅក្នុងទឹកដីដែលទទួលស្គាល់ជាអន្តរជាតិរបស់រុស្ស៊ី។
លោកប្រធានាធិបតីបាននិយាយថា គ្រាប់មីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៦គ្រាប់ ត្រូវបានបាញ់បង្ហោះនៅតំបន់ Bryansk កាលពីថ្ងៃអង្គារ ខណៈដែលមីស៊ីល Storm Shadow ផលិតដោយអង់គ្លេសមួយចំនួន ត្រូវបានបាញ់នៅតំបន់ Kursk កាលពីថ្ងៃពុធ។
លោក Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ប្រទេសជាតិថា៖ ចាប់ពីពេលនោះមក ជម្លោះអ៊ុយក្រែនដែលបង្កឡើង ដោយលោកខាងលិចបានក្លាយទៅជា ជម្លោះសកលដូចដែលយើង បានព្រមានច្រើនជាងម្តងរួចមកហើយ។
មេដឹកនាំរុស្សីរូបនេះបាននិយាយទៀតថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ បាននិយាយពីមុនថា ពួកគេនឹងអនុញ្ញាតឱ្យទីក្រុងគៀវ ប្រើប្រាស់អាវុធរបស់ពួកគេ ដោយកត់សម្គាល់ម្តងទៀតថា ការវាយប្រហារបែបនេះមិនអាចកើតឡើងបានទេ បើគ្មានការចូលរួមពីកម្លាំងយោធា របស់លោកខាងលិច។
គួរឲ្យដឹងដែរថាការវាយប្រហារលើឃ្លាំងអាវុធនៅ Bryansk ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារ ដែនអាកាសរុស្សីហើយ ដែលមិនបណ្តាលឱ្យមានអ្នកស្លាប់ និងការខូចខាតទ្រព្យសម្បត្តិខ្លាំងនោះឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី