ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការកេងប្រវ័ញ្ចនយោបាយតាម ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត និងការដាក់ទណ្ឌកម្មដោយឯកតោភាគី មិនគួរក្លាយជាទំនៀមទម្លាប់ ដែលអន្តរជាតិទទួលស្គាល់នោះទេ។
ក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ មូលបទ ៖ ការស្វែងរកសន្តិភាព និងការផ្សះផ្សា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវិមាន ៧មករា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រទេសទាំងអស់ត្រូវអនុវត្តន៍នូវសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ដើម្បីលើកកម្ពស់និងគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬឈានដល់ការផ្លាស់ប្តូររបប ដោយមធ្យោបាយដែលមានលក្ខណៈមិនប្រជាធិបតេយ្យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការកេងប្រវ័ញ្ចនយោបាយ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការបន្ទោសបង្អាប់ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការដាក់ទណ្ឌកម្មដោយឯកតោភាគី លើប្រទេសដែលមិនគោរព តាមរបៀបវីរៈនយោបាយណាមួយ មិនគួរក្លាយជាទំនៀមទម្លាប់ ដែលអន្តរជាតិទទួលស្គាល់នោះទេ»។
ក្នុងនាមជាជនរងគ្រោះ នាពេលកន្លងមក ដោយសារឥរិយាបថនយោបាយ និងទំនាក់ទំនងអន្តរជាតិពិសពុលបែបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា គណបក្សប្រជាជនកម្ពុជាមានជំហររឹងមាំ ម៉ឺងម៉ាត់ក្នុងការការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍ ប្រឆាំងនិងកម្លាំងអមិត្ត។
សម្តេចធិបតី បានបន្ថែមថា ដើម្បីរក្សាសន្តិភាពនិងបណ្តុះនូវបរិយាកាសនៃការផ្សះផ្សា ការកសាងសាមគ្គីភាព តាមរយៈការជំរុញឱ្យមានការយល់ដឹងរួមគ្នា គឺមានសារៈសំខាន់ជាងពេលណាទាំងអស់ លើបញ្ហាសំខាន់ៗ ជាមូលដ្ឋានគ្រឹះ នៃសន្តិភាពនិងការផ្សះផ្សារ ពោលគឺការប្តេជ្ញាចិត្តចំពោះគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលសង្កត់ធ្ងន់លើការមិនជ្រែតជ្រែកអធិបតេយ្យភាព សមភាព និងការគោរពគ្នាទៅវិញទៅមក៕