ព័ត៌មានអន្តរជាតិ

តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

នៅក្រោយសង្រ្គាមត្រជាក់ និង នៅចំពោះមុខស្ថានភាពថ្មីដែលកំពុងមានការប្រែប្រួលនេះ ចិនបានដាក់ចេញនូវគោលនយោបាយការបរទេស ៦ ចំណុចសំខាន់ៗ គឺ ៖ ការរក្សាឯករាជ្យភាព ការរក្សាសន្តិភាពពិភពលោក ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អនិងមិត្តភាព ពង្រឹងឯកភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និង គោលការណ៍បើកចំហ។

ប្រទេសចិនក្រោមការគ្រប់គ្រងរបស់លោក Xi Jinping ការងារកិច្ចការបរទេសគឺជាការតស៊ូដ៏ស្វិតស្វាញមួយ។ កិច្ចការការទូតថ្មីសង្កត់ធ្ងន់លើ “ហ៊ានតស៊ូ” និង ”មានភាពក្លាហានក្នុងការប្រយុទ្ធ” ។ លោក Xi បានថ្លែងថា “នៅពេលអនាគតហានិភ័យ និងបញ្ហាប្រឈមដែលយើងប្រឈម មុខជានឹងមានកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ” ហើយលោកបានជំរុញឱ្យមានឯកភាពជាតិ ដែលប្រជាជនទាំងអស់លះបង់កម្លាំងចិត្តដើម្បីគោលដៅរួម។ គោលនយោបាយការបរទេសថ្មីដែលដាក់ចេញដោយ លោក Xi Jinping ហ៊ានតស៊ូ Daring to Struggle គឺជាកម្មវិធីនយោបាយ China’s Long Marchនាសតវត្សរ៍ទី២១ ដែលការខិតខំប្រឹងប្រែងសម្រាប់គោលដៅយូរអង្វែងក្នុងការពង្រឹងសង្គម សេដ្ឋកិច្ចចិន និងកម្លាំងផ្ទៃក្នុងចិន ជាមួយនិងការភ្ជាប់ទំនាក់ទំនងកិច្ចការបរទេស។

ដើម្បីឱ្យពិភពលោកមានការអភិវឌ្ឍរួម ប្រកបដោយបរិយាប័ន្ន ការដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដោយប្រទេសដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការងើបចេញបញ្ហាប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាល់ឡើងៗ ទាំងក្នុងទិដ្ឋភាព សេដ្ឋកិច្ច សង្គម និង បរិស្ថាន។

នៅក្នុងបរិការណ៍សកលបច្ចុប្បន្នដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល នៅក្នុងតំបន់អាស៊ានពិតជាត្រូវការការលើកកម្ពស់ការជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់ មិនអាចខ្វះបាន តាមរយៈការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស, ការកាត់បន្ថយគម្លាតឌីជីថល,ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មតំបន់និងសកល, ការជំរុញការវិនិយោគដោយផ្ទាល់, ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ, ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈម និង ចាប់ឱ្យបាននូវកាលានុវត្តភាពនៅក្នុងប្រទេសនីមួយៗ។

ក្នុងកំឡុងពេលវិបត្តិកូវីដ១៩ និង ក្រោយកូវីដ១៩ តំបន់អាស៊ាន នៅតែរងផលប៉ះពាល់ផ្នែកសង្គម ក៏ដូចជាសេដ្ឋកិច្ច ព្រមទាំងបរិស្ថានផងដែរ ជាពិសេសការដណ្តើមគ្នាផលប្រយោជន៍គ្នារវាងបណ្តាប្រទេសសមាជិក ធ្វើឱ្យតំបន់អាស៊ានមានភាពចុះខ្សោយផ្នែកកិច្ចសហប្រតិបត្តិការ និង បាត់បង់ឱកាសក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង បរិយាប័ន្ន។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាគោលគំនិតមួយដែលបានចាត់ទុកការអភិវឌ្ឍជាស្នូលអាទិភាពរបស់អាស៊ានផងដែរ ដែលការអភិវឌ្ឍនេះត្រូវបានធ្វើឡើងដោយយកប្រជាជនគោលចម្បង ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅ ប្រកបដោយបរិយាប័ន្ន ជំរុញការច្នៃប្រឌិតថី្ម និង រួមរស់នៅប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ និង ប្រកាន់ខ្ជាប់នូវទិសដៅប្រតិបតិ្ត។ គំនិតផ្តួចផ្តើមសាកល ត្រូវបានមើលឃើញថា នឹងជំរុញកិច្ចសហប្រតិបតិ្តការជាអន្តរជាតិលើវិស័យកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការចាក់វ៉ាក់សាំង ការកៀរគរប្រាក់ទុនសម្រាប់ការអភិវឌ្ឍ បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង ឧស្សាហូបនីយកម្ម សេដ្ឋកិច្ចឌីជីថល និង ការតភ្ជាប់គ្នាជាដើមនៅក្នុងតំបន់អាស៊ាន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងដើម្បីជាយុទ្ធសាស្រ្តស្នូលមួយសម្រាប់គាំទ្រដល់ទស្សនវិស័យរួមរបស់លោក ស៊ី ជិនភីង គឺការឈានទៅដល់ការបង្កើតសហគមន៍រួមវាសនាតែមួយនៃការអភិវឌ្ឍសកល ដែលមានគោលដៅដូចគ្នាជាមួយនឹងគោលដៅរបស់អាស៊ាន គឺអាស៊ាន១០ ជោគវាសនាតែ១។

ដើម្បីឱ្យអាស៊ានកាន់តែរឹងមាំ និង មានភាពធន់ ការបន្ស៊ីគំនិតផ្តួចផ្តើមអភិវឌ្ឍសាកល ត្រូវធ្វើឡើង ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មសម្រាប់កំណើន ការអភិវឌ្ឍបៃតងសម្រាប់និរន្តរភាព ការអភិវឌ្ឍឌីជីថល សម្រាប់បង្កើនល្បឿននៃកំណើន និង លប់បំបាត់នូវភាពក្រីក្រ សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ ការពង្រឹងមិត្តភាព និង កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងចិននិងអាស៊ាន ជាត្រីវិស័យមួយសម្រាប់ពិភពលោក ក្នុងការបង្កើតកម្លាំងចលករថ្មីសម្រាប់ផលិតភាពសាកល បង្កើតជាថ្នាលនៃការអភិវឌ្ឍរួមជាសាកលនិងដោះស្រាយនូវវិបត្តិនានា ព្រមទាំងពូតផ្តុំនូវបញ្ញាញាណ និង បញ្ញាវន្តក្នុងការរួបរួមគ្នាសម្រាប់ការអភិវឌ្ឍសាកល។

ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍/ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top