ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងលើសពី៤៤.០០០នាក់

រូបភាព៖ Xinhua

ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារជាបន្តបន្ទាប់ របស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ជាង៤៤.០០០នាក់ហើយ ។

គិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអ៊ែល បានសម្លាប់មនុស្សអស់ចំនួន៧១នាក់ និងបង្កឲ្យមានរបួស១៧៦នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៤៤.០៥៦នាក់ និងអ្នករងរបួសមានរហូតដល់១០៤.២៦៨នាក់ គិតចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល បានផ្ទុះឡើងកាលពីដើមខែតុលា ឆ្នាំ២០២៣ ។

ជនរងគ្រោះជាច្រើននៅតែបន្តជាប់នៅក្រោមគំនរបាក់បែក ដោយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិល មិនអាចចូលទៅដល់ពួកគេបាននោះទេ ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់បូព៌ាបានលើកឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X យ៉ាងដូច្នេះថា ៨០ភាគរយនៃតំបន់ហ្គាហ្សាស្ទ្រីប នាពេលឥឡូវនេះគឺជាតំបន់ដែលមានហានិភ័យខ្ពស់ដែលមនុស្សត្រូវបានបង្ខំឲ្យរត់គេចខ្លួន ដើម្បីស្វែងរកមូលដ្ឋាន ជាពិសេសសុវត្ថិភាពដែលមិនមាននោះទេ ។

លោកLazzarini បានបញ្ជាក់ថា “នៅភាគខាងជើងតំបន់ហ្គាហ្សា ពលរដ្ឋនៅតែស្ថិតនៅក្រោមការឡោមព័ទ្ធដ៏តឹងរ៉ឹងបំផុត ។ ពួកគេបានរត់គេចចេញពីការបង្ហូរឈាមនេះនៅក្នុងពេលដែលប្រឈមមុខនឹងអំពើដ៏ឃោរឃៅ ដែលត្រូវបានគេដកហូតជំនួយមនុស្សធម៌អស់រយៈពេលជាង៤០ថ្ងៃមកហើយ” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top