ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលឥណ្ឌូនេស៊ី បង្កកគណនីរបស់ធនាគារ ចំនួន៧.៥០០គណនី ពាក់ព័ន្ធការលេងភ្នាល់ ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើរណេត

រូបភាព៖ afp

ហ្សាការតា៖ មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូនេស៊ី បានបង្កកគណនីធនាគារចំនួន៧.៥០០គណនីដែលត្រូវបានរាយការណ៍ថា មានទំនាក់ទំនងទៅនឹងការភ្នាល់ និងក្រុមរៀបចំប្រតិបត្តិការល្បែងស៊ីសង ។

នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅអគារក្រសួងទំនាក់ទំនង និងឌីជីថល ទេសាភិបាលរងនៃធនាគារឥណ្ឌូនេស៊ី ហៅកាត់ (BI) លោក Juda Agung បានប្រាប់ដល់អ្នកយកព័ត៌មានថា ធនាគារកណ្តាលកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីធានាថា ប្រព័ន្ធទូទាត់មិនត្រូវបានប្រើប្រាស់ខុស ឬប្រើប្រាស់ដើម្បីជួយសម្រួល ដល់សកម្មភាពខុសច្បាប់ រួមទាំងល្បែងស៊ីសងតាមអ៊ីនធើរណេតផងដែរ ។

ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូណេស៊ី កំពុងបង្កើនវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹង ការលេងល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើរណេត ខណៈចំនួនប្រតិបត្តិការដែលគេសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពល្បែងកំពុងកើនឡើងនៅទូទាំងប្រទេស ។

គេបានដឹងថា ការលេងល្បែងស៊ីសងទាំងតាមអនឡាញ និងក្រៅបណ្តាញ គឺខុសច្បាប់នៅក្នុងប្រទេសប្រជុំកោះមួយនេះ ។ អ្នកចូលរួម និងអ្នករៀបចំព្រឹត្តិការណ៍ល្បែងស៊ីសង អាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអតិបរមារយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់២៥លានរូពីឥណ្ឌូនេស៊ី ស្មើនឹងប្រហែល១.៥៧៥ដុល្លារសហរដ្ឋអាមេរិក ។

គួររំលឹកថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ូលិសក្រុងហ្សាការតា បានឃុំខ្លួនជនសង្ស័យជាង២០នាក់ពីបទជាប់ពាក់ព័ន្ធនឹងការលេងល្បែងតាមអនឡាញ ៕

To Top