ព័ត៌មានជាតិ

បញ្ហាក្នុងតំបន់! សម្ដេចតេជោ បញ្ជាក់ពីគោលដៅធំបំផុត គឺចង់ឃើញមីយ៉ាន់ម៉ាមានសន្តិភាព និងប្រជាជនរួចផុតពីទុក្ខវេទនា ដែលបង្កដោយជម្លោះប្រដាប់អាវុធ

ភ្នំពេញ៖ នៅចំពោះមុខលោក Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) នៃប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន បញ្ជាក់ពីគោលដៅធំបំផុតរបស់សម្ដេច គឺចង់ឃើញមីយ៉ាន់ម៉ា មានសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា រួចផុតពីទុក្ខវេទនា ដែលបង្កដោយជម្លោះប្រដាប់អាវុធ។

ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Khin Yi បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃ ទទួលជួបលោកនាពេលនេះ។

លោកប្រធានគណបក្ស USPD បានលើឡើងនូវសំណូមពរសំខាន់ៗចំនួន២ ជូនសម្តេចតេជោ៖

ទី១/ លោកបានសំណូមពរ ឱ្យមានការចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ និងគណបក្សប្រជាជនកម្ពុជា សំដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងគណបក្សយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ លោក ក៏បានបញ្ជាក់បន្ថែមអំពីបំណងរបស់លោក ក្នុងការសិក្សាស្វែងយល់អំពីវិធីសាស្រ្ត របៀបរបបធ្វើការ និងគោលនយោបាយថ្នាក់ជាតិ និងមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា ដែលអាចរក្សាបានភាពរឹងមាំ និងការចាក់ឫសជ្រៅនៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រពីប្រជាជនកម្ពុជា កាន់តែច្រើនឡើងៗ ពីមួយជំនាន់ទៅមួយជំនាន់ និងពីគ្រប់ស្រទាប់វណ្ណៈ។

សំណូមពរទី២/ លោកបានគោរពស្នើសុំ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ចាត់បញ្ជូនអ្នកសង្កេតការណ៍ ទៅសង្កេតដំណើរការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែលគ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក Khin Yi ក៏បានកោតសរសើរ ចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ល្អជាទីបំផុត ដោយកន្លងមកសហការីរបស់លោក បានចូលរួមសង្កេតដំណើរការបោះឆ្នោត នៅកម្ពុជាក្នុងក្របខណ្ឌ ICAPP និងទទួលបាននូវបទពិសោធន៍ល្អៗជាច្រើន។

អាស្រ័យហេតុនេះ លោកKhin Yi និងសហការី ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា បានសម្រេចយកកម្ពុជាធ្វើជាប្រទេសគំរូ ក្នុងការត្រៀមរៀបចំការបោះឆ្នោត នៅមីយ៉ាន់ម៉ា នាពេលខាងមុខនេះ ដោយអាជ្ញាធរមីយ៉ាន់ម៉ា បានតាំងចិត្ត និងប្តេជ្ញាធ្វើឱ្យបានជោគជ័យ សេរី និងយុត្តិធម៌ ប្រកបដោយសណ្តាប់ធ្នាប់ ល្អជាទីបំផុត។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ ចំពោះសំណូមពរទាំងពីររបស់ លោក Khin Yi ។

ចំពោះសំណូមពរទី១ សម្តេចតេជោ បានមានប្រសាសន៍ថា គណបក្សយើងទាំងពីរ គឺមានទំនាក់ទំនងក្នុងគ្រួសារ ICAPP រួចទៅហើយ។ សម្តេចស្គាល់គណបក្សUSDP យូរណាស់មកហើយ គឺចាប់តាំងពីជំនាន់លោក ធាន សេង មកម៉្លេះ។ សម្តេចតេជោ បានឯកភាព នឹងសំណើចុះកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP ដែលអាចធ្វើឡើងនៅពេលវេលាសមស្របខាងមុខ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ពុំមែនមានតែភាគីគណបក្សរបស់លោក Khin Yi នោះទេ ដែលត្រូវការសិក្សាពីគណបក្សប្រជាជនកម្ពុជា ប៉ុន្តែខាងភាគីកម្ពុជា ក៏ត្រូវការសិក្សាពីគណបក្ស USDP ផងដែរ។

រីឯការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត សម្តេចតេជោ បានឯកភាពបញ្ចូនគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទៅចូលរួមសង្កេតដំណើរការបោះឆ្នោត នៅមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

សម្តេចតេជោ បានរំលឹកថា ត្រឹមរយៈពេល ៧ថ្ងៃ ក្រោយពេលសម្តេចឡើងធ្វើជាប្រធានអាស៊ាន សម្តេចបានទៅធ្វើទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា ដែលនៅពេលនោះ សម្តេចតេជោ ទទួលបាននូវការអបអរសាទរផង និងរងការតិះទៀនផង។

សម្តេចតេជោ បានបញ្ជាក់សាជាថ្មីថា «សម្តេចនិងប្រទេសកម្ពុជា គ្មានបានផលប្រយោជន៍អ្វីពីការជួយដល់ប្រទេសមីយ៉ាន់ម៉ានោះទេ គោលដៅធំបំផុតរបស់សម្តេច គឺចង់ឃើញមីយ៉ាន់ម៉ា មានសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា រួចផុតពីទុក្ខវេទនា ដែលបង្កដោយជម្លោះប្រដាប់អាវុធ»។

ជាថ្មីម្តងទៀត សម្តេចតេជោ បានចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ា ដែលទទួលរងគ្រោះទឹកជំនន់បង្កឡើង ដោយព្យុះយ៉ាហ្គីនាពេលកន្លងទៅ៕

To Top