ព័ត៌មានជាតិ

សម្តេចធិបតី ពន្យល់ថា មុននឹងជីកព្រែកជីកហ្វូណន ទាមទារគិតពីផលប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវជាមុនសិន

រូបភាព៖ ដើមអម្ពិល /ម៉ៅ ដារាត់

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះអ្នកនយោបាយទុតចរិតមួយចំនួន លើកយកបញ្ហាការជីកព្រែកហ្វូណនតេជោ ទៅបន្លាចប្រជាពលរដ្ឋ ខណៈសម្តេចពន្យល់ឱ្យដឹងថា កិច្ចការងារនេះ ត្រូវកំណត់និយាមការឱ្យបានច្បាស់ ពិនិត្យលើត្រាយផ្លូវ ជាពិសេសដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនមុននឹងជីក ដែលនេះទាមទារឱ្យរាជរដ្ឋាភិបាល គិតគូពីផលប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវជាមុនសិន ។

ការពន្យល់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្រោយមានការជជែក លើបណ្តាញសង្គមនាពេលកន្លងមកនេះ ដោយលើកពីមូលហេតុផ្សេងៗគ្នា រហូតចោទរាជរដ្ឋាភិបាល គ្មានថវិកាសាងសង់ព្រែកជីកហ្វូណន ទើបបានជាមិនទាន់ឃើញមានគ្រឿងចក្រចូលជីក ពោលគឺមិនមានវឌ្ឍនភាពនៃការសាងសង់ ចាប់តាំងពីរាជរដ្ឋាភិបាល បានសម្ពោធបើកការដ្ឋាន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤មក ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣២ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “សូមបញ្ជូនសារទៅប្រាប់ នីតិវិធីនៃការធ្វើ គេមែនសម្ពោធហើយ គេទៅដល់ដាក់ឈូសឆាយទេ អានឹងបានប្រជាជនស្រែកយំ គេត្រូវកំណត់និយាមការឱ្យបានច្បាស់ ពិនិត្យឡើងវិញកន្លែងណាត្រាយផ្លូវ ចុះទៅដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនដែលប៉ះពាល់ ស្រេចគ្នាហើយ បានគេដាក់គ្រឿងចក្រទៅជីក អានឹងបានយើងធ្វើប្រកបដោយធម៌”។

ក្នុងនោះសម្តេចធិបតី បញ្ជាក់ថា “គិតពីផលប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវ ដល់អានឹងមិនមែនងាយស្រួលណា ឥឡូវកំពុងតែទឹកឡើងពីណាទៅជីក គឺត្រូវកំណត់” ។

បើតាមការលើកឡើងរបស់សម្តេច ក្នុងតម្រាយផ្លូវព្រែកជីកហ្វូណនតេជោ នៅក្នុងខេត្តតាកែវ មានមួយកន្លែង ដែលប៉ះពាល់ទៅដល់ទីទួលបុរាណ និងវត្តបុរាណ ដែលទាមទារឱ្យគណៈកម្មការសាងសង់ សម្រេចចិត្តវៀងមិនឱ្យប៉ះទីតាំងនោះ ។

បន្ថែមលើនេះ សម្តេចធិបតី សម្តែងការហួសចិត្តថា “ប្រជាពលរដ្ឋភាគច្រើនលោកអត់ដឹងព័ត៌មានច្បាស់ លោកមានការបារម្ភ ខ្ញុំករុណា អត់ថាទេ តែអ្នកនយោបាយខ្លះ ដឹងច្បាស់ក្រឡែត តែនៅតែបន្លាចប្រជាពលរដ្ឋ អានឹងដឹងថាមិចទេ បាបយ៉ាងមិច ខ្ញុំករុណមិនដឹងទេ គ្រាន់តែភូតកុហកដោយចេតនា ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ បែកបាក់ការសាមគ្គីយោគយល់គ្នា​ អានឹងខ្ញុំគិតថា ចឹងនយោបាយក៏ត្រូវពឹងផ្អែក លើសច្ចភាពដោយធម៌បានផ្តល់ដែរ នយោបាយឈ្នះឈ្នះ ខ្ញុំព្រះករុណាទើបតែនិយាយ ប៉ុន្តែធ្វើនយោបាយ ត្រូវមានសុទ្ធចរិតភាពខ្លះ” ។

សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ក្រោយស្ថាបនារួចរាល់ «ព្រែកជីកហ្វូណនតេជោ» នឹងដើរតួនាទីយ៉ាងសំខាន់រួមចំណែក ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈពហុមុខងារដ៏មានសក្តានុពល និងសម្បូរបែបនៃព្រែកជីកនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញបើកការដ្ឋានជាផ្លូវការគម្រោង ព្រែកជីកហ្វូណនតេជោ ។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅ លើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់៕

To Top