ព័ត៌មានជាតិ

លោក ប្រាក់ សុខុន៖ ការរក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស បានជំរុញការចូលរួមចំណែករបស់កម្ពុជា ក្នុងដំណើរការសន្តិភាពពិភពលោក

រូបភាព៖ ហ្វេសប៊ុកលោក ប្រាក់ សុខុន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងបញ្ជាក់ថា ការរក្សាបាននូវសន្តិភាព ក្នុងផ្ទៃប្រទេស បានជំរុញការចូលរួមចំណែករបស់កម្ពុជា ក្នុងដំណើរការសន្តិភាពពិភពលោក ។

ការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ក្នុងសម័យប្រជុំពេញអង្គលើកទី ១ ស្តីពី “ការជំរុញនិម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន៖ សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល” នៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១(11IPTP) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ពីថ្ងៃទី២៣ ដល់២៦ វិច្ឆិកា ឆ្នាំ២០១៤ ។

នាឱកាសនោះដែរប្រមុខការទូតខ្មែរ ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរួមចំណែកដល់សន្តិភាពពិភពលោក តាមរយៈការបញ្ជូនកងទ័ពមួកខៀវរបស់កម្ពុជា ទៅចូលរួមក្នុងប្រតិបត្តិការរក្សាថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក ហើយដែលសកម្មភាពនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ។

នៅក្នុងបទបង្ហាញ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «សន្តិភាព និងស្ថិរភាពបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក៏ដូចជាការធ្វើសមាហរណកម្មរបស់កម្ពុជា ទៅក្នុងអង្គការតំបន់ និងអន្តរជាតិ។ ជាងនេះទៅទៀត ការរក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស បានជំរុញការចូលរួមចំណែករបស់កម្ពុជា ក្នុងដំណើរការសន្តិភាពពិភពលោក»។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបន្តការគាំទ្រជាបន្តបន្ទាប់ដល់ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងគោលបំណងដោះស្រាយជម្លោះ និងការជំរុញឱ្យមានសន្តិភាពពិភពលោក ៕

To Top