ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការដាក់សម្ពាធចំពោះ ក្រសួងស្ថាប័នទេ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈ កំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័ននោះទេ ផ្ទុយទៅវិញ គឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេស។

ក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅនីតិកាលទី៧ នៃរដ្ឋសភា មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកសាងគ្រឹះសម្រាប់ ដើម្បីអនុវត្តបន្ត។ នៅពេលនេះ ការងារកែទម្រង់រដ្ឋបាលសាធារណៈ នីតិកាលទី៧ នៃរដ្ឋសភា ខុសប្លែកពីនីតិកាលទី៦ ទៅលើ វិធីសាស្ត្រ នៃការអនុវត្ត និងការកំណត់អាទិភាព នៃវិធានការគន្លឹះតែប៉ុណ្ណោះ។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការងារកែទម្រង់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាការដឹកនាំដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការងារកែទម្រង់រដ្ឋបាលសាធារណៈ ក៏មិនមែនជាការងារដោយឡែករបស់ក្រសួងមុខងារសាធារណៈ តែម្នាក់ឯងនោះដែរ គឺជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់គ្នា រួមទាំងអង្គភាពថ្នាក់ក្រោមជាតិផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈ កំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេស ចាំបាច់ដើម្បីធានាដល់ ស្ថាប័ន កាន់តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ ក្រសួងស្ថាប័ន ឲ្យមាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សូមយើងទាំងអស់គ្នា ចាត់ទុកថា ការងារកែទម្រង់ គឺជាឱកាសកែលម្អខ្លួនឯង និងឱកាសក្នុងការកែលម្អអង្គភាពឱ្យកាន់តែប្រសើរឡើង»៕

To Top