ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសចិន គឺជាអ្នកដឹកនាំកំណើន សេដ្ឋកិច្ចដ៏សំខាន់ របស់ពិភពលោក ដូច្នេះនៅពេលដែលចិន ផ្តោតលើការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។
នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការរាតត្បាតជំងឺកូវីត១៩ បានបង្កើតជាបញ្ហា ប្រឈម សម្រាប់ប្រទេសជាច្រើន ប៉ុន្តែទន្ទឹមនេះ, ក៏បានពន្លឿន បរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ នៃសេដ្ឋកិច្ចពិភពលោក ។ ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលរងផលប៉ះពាល់ ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ, ហើយគំរូធុរកិច្ចត្រូវបានកែសម្រួល និងរៀបចំសាជាថ្មី ។ សេដ្ឋកិច្ចឌីជីថល បានបង្កើតកាលានុវត្តភាព សម្រាប់ធុរកិច្ច និង ការវិនិយោគថ្មី ដែលមិនធ្លាប់មានពីមុនមក ។
សម្តេចបវរធិបតី បន្ដថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិន បានព្យាករថា ការអភិវឌ្ឍគុណភាពខ្ពស់របស់ចិន ក្នុងរយៈពេលមធ្យមទៅវែង នឹងត្រូវបានជំរុញដោយ «កម្លាំងផលិតភាពថ្មី» ដូចជា បញ្ញាសិប្បនិម្មិត (AI), សេដ្ឋកិច្ចឌីជីថល, មនុស្សយន្ត, សេដ្ឋកិច្ចរយៈកម្ពស់ទាប (ឧ. ដ្រូន), វត្ថុធាតុដើមផលិតថ្មី និង ឧស្សាហកម្មនវានុវត្តន៍ផ្សេងទៀត។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ប្រទេសចិន គឺជាអ្នកដឹកនាំកំណើន សេដ្ឋកិច្ចដ៏សំខាន់ របស់ពិភពលោក ដូច្នេះនៅពេលដែលចិន ផ្តោតលើការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់, ខ្ញុំជឿជាក់ថា តំបន់ទាំងមូលពិត ជាទទួលបានផលប្រយោជន៍ ពីការតម្រង់ទិសគោល នយោបាយបែបនេះដែរ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ជាក់ស្ដែងតាមរយៈ គំនិតផ្ដួតផ្ដើម ខ្សែរក្រវ៉ាត់ និងផ្លូវ និងទំនាក់ទំនងទ្វេភាគីរឹង មាំរបស់យើង ធូរកិច្ចចិន បានដើរឈានមុខគេ ក្នុងនាំយកភាពជឿលឿន ផ្នែកបច្ចេកវិទ្យា ។ ទំនាក់ទំនងវប្បធម៌ចាក់ឫស យ៉ាងជ្រៅ របស់យើង រួមផ្សំជាមួយនឹងទំនាក់ទំនង អន្តររដ្ឋាភិបាលដ៏រឹងមាំ បានបង្កើតបរិយាកាស អំណោយផល ពិសេសមួយ សម្រាប់ការរីកចម្រើន របស់វិនិយោគចិន៕