ព័ត៌មានជាតិ

តាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូត ជាផ្លូវការរបស់ខ្លួន នៅកម្ពុជា នាឆ្នាំ២០២៥

រូបភាព៖ ហ្វេសប៊ុកទេសរដ្ឋមន្ត្រី លី ធុជ

ភ្នំពេញ ៖ លោក Muzaffar Ashuriyon រដ្ឋមន្រ្តីយុត្តិធម៌ និងជាប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋតាជីគីស្ថាន បានបញ្ជាក់ថា ឆ្នាំ២០២៥ ខាងមុខ ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាង ស្ថានទូតជាផ្លូវការរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ការបញ្ជាក់របស់រដ្ឋមន្រ្តីយុត្តិធម៌តាជីគីស្ថាន ធ្វើឡើងក្នុងជំនួបជាមួយលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

ក្នុងជំនួបនោះទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ ចំពោះ គណៈប្រតិភូនៃសាធារណរដ្ឋតាជីគីស្ថាន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានចាត់ទុកការ ចូលរួមរបស់តាជីគីស្ថាន គឺជាផ្នែកមួយនៃគ្រួសារអនុសញ្ញាអូតាវ៉ា។

ជាមួយគ្នានោះលោក លី ធុជ បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការរួមចំណែករបស់តាជីគីស្ថាន ក្នុងការសម្រេចបាននូវគោលដៅរួមនៃអនុសញ្ញា និងបានស្នើសុំឱ្យប្រទេសតាជីគីស្ថាន បន្តចូលរួមដោះស្រាយបញ្ហាមីន ផងដែរ ។

លោក Muzaffar Ashuriyon បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលសៀមរាម-អង្គរដ៏មានសារៈសំខាន់ និងកិច្ចប្រជុំសម្រាប់មន្រ្តីជាន់ខ្ពស់ ហើយបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ជាប្រទេសដែលមានបទពិសោធន៍ច្រើនសម្រាប់វិស័យសកម្មភាពមីន។

រដ្ឋមន្រ្តីយុត្តិធម៌តាជីគីស្ថានបញ្ជាក់ទៀតថា «ឆ្នាំ២០២៥ ខាងមុខ ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូត ជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំឱ្យមានការគាំទ្រ និងបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងប្រទេសតាជីគីស្ថាន និងកម្ពុជា» ៕

To Top