ព័ត៌មានជាតិ

អង្គការ Halo Trust គាំទ្រកម្ពុជា លើការកំណត់គោលដៅថ្មី គឺកម្ពុជាគ្មានផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម

រូបភាព៖ ហ្វេសប៊ុកទេសរដ្ឋមន្ត្រី លី ធុជ
" "

ភ្នំពេញ ៖ លោក James Cowan នាយកប្រតិបត្តិនៃអង្គការ Halo Trust បានបង្ហាញការគាំទ្រចំពោះការ កំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម ។

ការបង្ហាញការគាំទ្រនេះ ធ្វើឡើងនាថ្ងៃទី២៦ វិច្ឆិកានេះ ក្នុងឱកាសនាយកប្រតិបត្តិនៃអង្គការ Halo Trust ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ។

" "

ក្នុងជំនួបនោះទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ចំពោះការរួមចំណែករបស់អង្គការ Halo Trust ក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំ ហើយបានចាត់ទុកអង្គការ Halo Trust គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការ រួមចំណែកផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។

" "

បណ្ឌិត លី ធុជ បានបន្តទៀតថា ដោយសារស្ថានភាពសកម្មភាពមីន នៅកម្ពុជា មានភាពស្មុគស្មាញ និងនៅបន្តរងផលប៉ះពាល់នៅតាមសហគមន៍ កម្ពុជា បានសម្រេចធ្វើការផ្លាស់ប្តូរ នូវគោលដៅរបស់ខ្លួន ពីកម្ពុជាគ្មានមីនឆ្នាំ២០២៥ ទៅជា កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម។

ជាមួយគ្នានោះនាយកប្រតិបត្តិ នៃអង្គការ Halo Trust បានវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍ របស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលធំៗ ព្រមទាំងបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងគាំទ្រដល់អង្គការ Halo Trust សម្រាប់កិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ៕

To Top