ភ្នំពេញ៖ លោក កៅ វគ្គសែល ដែលទើបនឹងចូលកាន់តំណែងជាអភិបាលស្រុកសំរោង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះពិនិត្យដល់ទីតាំងផ្ទាល់ នៃគម្រោងស្តារប្រឡាយទឹក នៅភូមិក្រាំងធ្នង់ ភូមិព្រៃស្នួល ឃុំរវៀង និង ភូមិត្រពាំងត្រាវ ឃុំសា្ល។ នេះជាការចុះដល់មូលដ្ឋានលើដំបូង ក្រោយពីបានប្រកាសចូលកាន់តំណែង ជាអភិបាលស្រុកសំរោង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ ។
ប្រឡាយទឹកនេះ ពេលស្តារហើយនឹងស្រោចស្រព លើផ្ទៃដីស្រែរាប់សិបហិកតា និងបានជាផ្លូវធ្វើដំណើរ។
ឆ្លៀតឱកាសនេះ លោកអភិបាលស្រុក ក៏បានអញ្ជើញពិនិត្យមើលការផលិតជីសរីរាង្គព្រៃស្នួលគោក-ទឹក ដែលមានទីតាំងនៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោងផងដែរ។
លោក សយ សុភាព ក្នុងនាមជាប្រជាពលរដ្ឋភូមិព្រៃស្នួល ក៏តំណាងឱ្យប្រជាពលរដ្ឋក្នុងភូមិទាំង៣ បានថ្លែងអំណរគុណ ដល់លោក កៅ វគ្គសែល ដែលបានអញ្ជើញមកពិនិត្យទិដ្ឋភាពជាក់ស្ដែងនាពេលនេះ ។
សូមរំលឹកថា លោក កៅ វគ្គសែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ត្រូវបានតែងតាំងជា អភិបាល នៃគណអភិបាលស្រុកសំរោង ជំនួសលោក កេត ម៉ៅ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជា អភិបាល នៃគណអភិបាលស្រុកត្រាំកក់វិញ ៕