ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា បន្ទាប់ពីបានបញ្ចប់ការបោះបង្គោលព្រំ កំណត់តំបន់៣នៃបឹងទន្លេសាប គឺមិនឱ្យមានការកែសម្រួល ឬការកែប្រែទៀតទេ ត្រូវថែរក្សាឱ្យបាន ។
ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា “រដ្ឋាភិបាល មានភារកិច្ច២ ទី១កតព្វកិច្ច ចំពោះប្រជាពលរដ្ឋ ដែលនៅជាក់ស្តែងនៅកន្លែងនោះ ជាពិសេសអ្នកដែលមានភូមិករ នៅទីនោះយូរហើយ ដែលរាជរដ្ឋាភិបាល សម្តេចតេជោ កាត់តំបន់១អោយ កន្លែងខ្លះកន្លែងប្រជាពលរដ្ឋអាស្រ័យផល ដែលមិនប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់ប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធជីវៈចំរុះ នៃបឹងទន្លេសាប យើងអាចផ្តល់សិទ្ធិជូនប្រជាពលរដ្ឋ មានសិទ្ធិនៅក្នុងការអាស្រ័យផង ដើម្បីគាត់បានផលចំណូលមួយ ចំនួនតែមិនបំផ្លាញអេកូឡូស៊ី ប្រភពជីវៈចំរុះ ធនធានត្រីសម្រាប់ប្រជាពលរដ្ឋរាប់លាននាក់នោះទេ” ។
ដោយឡែកតំបន់៣ ដែលជាតំបន់ដែលអាចបង្កឱ្យប៉ះពាល់ ដល់ប្រព័ន្ធអេកូឡូស៊ី ជីវៈចំរុះ និងប្រភពត្រី ត្រូវបានសម្តេចធិបតី បញ្ជាក់មិនឱ្យមានការរំលោភលើតំបន់៣ឡើយ ព្រោះជាតំបន់ដាច់ខាត ត្រូវការពារ ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “រដ្ឋាភិបាលដៃម្ខាងគិតផលប្រយោជន៍ប្រជាជនរាប់រយនាក់ រាប់រយគ្រួសារដែលនៅក្នុងនោះដៃម្ខាងគឺ១៧លាននាក់ ហើយបឹងទន្លេសាបនេះ គឺមិនមែនថែសម្រាប់១៧លាននាក់ទេ បឹងទន្លេសាបនេះ ១៧លាននាក់បច្ចុប្បន្ន តែ២០ឆ្នាំទៀត ប្រជាជនខ្មែរអាចកើនឡើង២០លាននាក់ ៣០លាននាក់ យើងការពារបឹងនេះ សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស មិនថាប៉ុន្មានលាននាក់នោះទេ” ។
បន្ទាប់ពីបានបញ្ចប់ការបោះបង្គោល សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ខ្ញុំបានប្រាប់ហើយ គឺគ្មានការកំណត់ ឬកែសម្រួលព្រំដីទៀតទេ យើងធ្លាប់កែពីព្រំតំបន់៣មកតំបន់២ ហើយថ្មីៗនេះ យើងកែរាប់ម៉ឺនហិចតាទៀត ដើម្បី ឱ្យប្រជាជន មានសិទ្ធិពីតំបន់៣មកតំបន់២ យើងកែសឹងតែអស់ទៅហើយ ចឹងនៅមានការស្នើសុំចង់កែអាតំបន់៣ តំបន់២ធ្វើអីទៀតអត់ទេ ត្រូវការពារសម្រាប់១៧លាននាក់ គឺមិនមានការកែប្រែតំបន់៣មកតំបន់២ទៀតទេ គឺត្រូវថែរក្សាឱ្យបាន យើងគ្រាន់តែកែមកចង់៨ម៉ឺនហិចតា កែពីតំបន់៣មកតំបន់២ និងតំបន់១ មាន៨ម៉ឺនហិចតា ដើម្បីយកមកឱ្យប្រជាជន មានកម្មសិទ្ធិឬមួយមានសិទ្ធិប្រើប្រាស់ ឥឡូវបើសុំកាត់រាប់សែនហិចតាទៀត កាត់អត់ឈប់ ទេ តំបន់៣មកតំបន់២ ធ្វើតំបន់២ហើយ សុំពង្រីកតំបន់៣មកទៀត ចឹងគឺអត់ចប់ ចឹងត្រូវតែហ៊ានអាកាត់មួយ ដើម្បីផលប្រយោជន៍រួម” ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអះអាងដែរថា ការការពារតំបន់៣នៃបឹងទន្លេសាប កឺមិនមែនសម្រាប់ខសម្តេចខ្លួនឯងផ្ទាល់ ហើយក៏មិនមែនសម្រាប់មន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរណាម្នាក់ដែរ គឺសម្រាប់ប្រជាជនខ្មែររាប់លាននាក់ សម្រាប់ប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រព័ន្ធជីវៈចំរុះ ប្រព័ន្ធត្រីនៅមានអនាគតវែងឆ្ងាយបន្តទៅទៀត ។
ក្នុងនោះសម្តេចធិបតី បញ្ជាក់បន្ថែមថា សម្រាប់តំបន់២ ក៏គ្មានកម្មសិទ្ធិ និងគ្មានការលក់ដូរនោះដែរ មានត្រឹមសិទ្ធិប្រើប្រាស់ជួលពីរដ្ឋតែប៉ុណ្ណោះ៕