ភ្នំពេញ ៖ ឆ្លើយតបនឹងសំណើ និងសំណូមពរ ផ្ទាល់មាត់ ចំនួន១៥បញ្ហា និងជាលាយលក្ខ័អក្សរ ចំនួន៧៧ករណី របស់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ដែលមានដូចជាស្នើសុំកសាងផ្លូវ កសាងប្រពន្ធ័លូ ការដាក់ភ្លើង សឡាបំភ្លឺផ្លូវ បញ្ហាចេញបណ្ណ័កម្មសិទ្ធដីធ្លីជាដើមនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយជូនភ្លាមៗ ចំពោះករណីណា ដែលអាចដោះស្រាយបាន ចំពោះអ្វីដែលនៅសេសសល់ លោក ឆាយ វីរៈ អភិបាលរង រាជធានីភ្នំពេញ ធានាថា នឹងដាក់ជូនគណៈអភិបាល រាជធានីភ្នំពេញ ពិនិត្យនឹងដោះស្រាយជូន ។
នេះជាការធានា របស់លោកអភិបាលរងរាជធានី ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៦វិច្ឆិកា ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលម៉ូឌែន២ អគារA និងអគារD បណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ។
ក្នុងវេទិការនោះ ប្រជាពលរដ្ឋតាមបណ្តាសង្កាត់ ក្នុងខណ្ឌមានជ័យ បានលើសំណើ និងសំណូមពរចំនួន១៥បញ្ហា ដោយផ្ទាល់មាត់ និងសំណើជាលាយលក្ខ័អក្សរ មានចំនួន៧៧ករណី ដែលក្នុងនោះមានបញ្ហាដែលស្នើសុំ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយដោះស្រាយ ដូចជាបញ្ហាសុំកសាងផ្លូវ កសាងប្រពន្ធ័លូ ការដាក់ភ្លើងសឡាបំភ្លឺផ្លូវ បញ្ហាចេញបណ្ណ័កម្មសិទ្ធដីធ្លី បញ្ហាបង់ថ្លៃសំរាមជាដើម។
ជាការឆ្លើយតប លោក ឆាយ វីរៈ អភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យ នៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់។ តាមរយៈវេទិការនេះ បានរកឃើញបញ្ហាសំខាន់ៗ ជាអាទិភាពសំរាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ។
ក្នុងនាមក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ លោក ឆាយ វីរៈ បានធានាថា នឹងយកសំណើ សំណូមពររបស់បងប្អូនលើកឡើង ដែលនៅសេសសល់ទៅដាក់ជូន គណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនឹងដោះស្រាយជូន ព្រមទាំងផ្តល់ព័ត៌មានត្រឡប់ជូនបងប្អូនវិញ តាមរយៈក្រុមប្រឹក្សាសង្កាត់ ពីលទ្ធផលនៃការដោះស្រាយជូន ទាំងលទ្ធផលវិជ្ជមាន និងអវិជ្ជមាន ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាប ។
ជាមួយគ្នានេះ ម៉ប់ សារិន បានលើកឡើងថា ក្រុមប្រឹក្សារាជធានីភ្នំពេញ មានគោលបំណងជំរុញ នូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ តម្លាភាព គណនយ្យភាព។ ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ពីអាទិភាពនៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ សំរាប់ឆ្នាំខាងមុខ។ ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើមម្បីពិភាក្សានិងឆ្លើយតប។
លោក ម៉ប់ សារិន ក៏លើកឡើងទៀតថា ការងារអភិវឌ្ឍន៍ មូលដ្ឋានមិនអាចមានតែអាជ្ញាធរ ធ្វើតែម្នាក់ឯងបានជោគជ័យនុះទេ គឺទាមទាអោយមានការចូលរួម ពីប្រជាពលរដ្ឋទើបជោគជ័យ។
ក្នុងឱកាសនោះ បងប្អូនប្រជាពរដ្ឋ នៅក្នុងសង្កាត់បឹងទំពន់ទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ដែលបានជួយកសាងប្រពន្ធ័លូ និងផ្លូវមួយខ្សែ ជូនប្រជាពលរដ្ឋប្រើប្រាស់ បានងាយស្រួលក្នុងការធ្វើដំណើរផងដែរ៕