ភ្នំពេញ ៖ ក្រុមសហជីពធំៗនៅកម្ពុជាលើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបាននិងកំពុងដើរ តួនាទីយ៉ាងសំខាន់ក្នុង ការផ្តល់ឧត្តមប្រយោជន៍ ដល់បងប្អូនកម្មករនិយោជិត ខណៈគោលនយោបាយ របស់រាជរដ្ឋាភិបាលមួយនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត ។
លោកស្រី កេន ឆេងឡាង អនុប្រធានសហភាព ចលនាកម្មករកម្ពុជា លើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់បណ្ណសមាជិក ប.ស.ស. ដល់បងប្អូនកម្មករ និយោជិត គឺមានសារសំខាន់ណាស់ ជាពិសេសកម្មករ ដែលជាអ្នកមានជីវភាពខ្វះខាត ។ អ្វីដែលពិសេសនោះគឺនិយោជក ដែលជាថៅកែរោងចក្រ ជាអ្នករ៉ាប់រងបង់ភាគទាន ជារៀងរាល់ខែ សម្រាប់កម្មករ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ លើការចំណាយក្នុងជីវភាព ប្រចាំខែរបស់ពួកគាត់ ។
លោកស្រីមើលឃើញថា សម្រាប់កម្មករនិយោជិត ដែលជាសមាជិកប.ស.ស. អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចទទួលបានសេវាពិនិត្យ សុខភាពដោយឥតគិតថ្លៃ គ្រប់ពេលវេលា។ ការទទួលបានសេវាកម្មបែបនេះ គឺមានឧត្តមប្រយោជន៍ខ្លាំងណាស់ សម្រាប់កម្មករ និយោជិតក្នុងការថែទាំសុខភាព ពីព្រោះតាមរយៈយន្តការនេះជំរុញឱ្យកម្មករនិយោជិត មានការយកចិត្តទុកដាក់លើ សុខមាលភាព របស់ពួកគាត់ច្រើនជាងពេលមុនៗ ។
លោកស្រីបានសង្កត់ធ្ងន់ថា របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់បងប្អូនកម្មករ និយោជិតគឺជាការចូលរួមចំណែកយ៉ាងធំធេង លើការចំណាយផ្នែកថែទាំសុខភាពរបស់ពួកគេ ពីព្រោះថ្លៃសេវាពិនិត្យ និងព្យាបាល ជំងឺ គឺជាបន្ទុកមួយដ៏ធំសម្រាប់កម្មករនិយោជិត ដែលជាកត្តាធ្វើឱ្យពួកគាត់មិនទៅពិនិត្យសុខភាពតែម្តង នៅមុនពេលដែលពួកគាត់ គ្មានបណ្ណប.ស.ស.កាលពីអតិតកាល ដូច្នេះហើយកម្មករនិយោជិតអាចសន្សំថវិការបានមួយចំណែកទុកសម្រាប់ការចំណាយផ្សេងៗដូចជាការអប់រំកូនៗរបស់ពួក និងតម្រូវការផ្សេងៗទៀតផងដែរ បន្ទាប់ពីពួកគេមានបណ្ណប.ស.ស. ដែលត្រូវបានរាប់រង ដោយនិយោជករបស់ពួកគេ ។
ចំណែក ប្រធានសហភាព ការងារកម្ពុជា លោក គង់ អាទិត្យ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍របស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពថា គឺជាគោលនយោបាយ ក្នុងការលើកកម្ពស់សុខភាព របស់បងប្អូន កម្មករនិយោជិតឱ្យមានសុខភាពល្អ កាត់បន្ថយការឈឺថ្កាត់ តាមរយៈឱកាសក្នុងការថែទាំ និងពិនិត្យសុខភាពបានច្រើនជាងមុន ដែលធ្វើឱ្យកម្មករនិយោជិតអាចចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងជីវភាព នៅក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។
លោក គង់ អាទិត្យ លើកឡើងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព គឺជាគោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនកម្មករនិយោជិតកម្ពុជា ពីព្រោះកម្មករអាចបង្វែរការ ចំណាយលើការពិនិត្យ និងការព្យាបាលជំងឺ មកជាការសន្សំចៃនៅក្នុងគ្រួសារ និងការកាត់បន្ថយទាំងស្រុងលើសេវាពិនិត្យសុខភាពប្រចាំថ្ងៃ ប្រចាំខែ ដែលជាការកើតឡើងជាយថាហេតុណាមួយ របស់បងប្អូនកម្មករនិយោជិត ។
គួរបញ្ជាក់ផងដែរថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្តល់ការធានារ៉ាប់រងលើផ្នែកសុខភាព ២៤ម៉ោង/២៤ម៉ោង សម្រាប់កម្មករនិយោជិតដូចជា៖ សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត, ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ, ប្រាក់បំណាច់មាតុភាព, សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត, និងវិភាជន៍បូជាសព៕