ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)» ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី ភ្នំពេញ។

កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោង វិនិយោគកម្ពុជា ដែលប្រារព្ធឡើងនាពេលនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកតំណាងនៃស្ថាប័នរដ្ឋ វិស័យឯកជន ស្ថានទូតនៃប្រទេសនានា ដៃគូអភិវឌ្ឍន៍ វិនិយោគិនសរុបប្រមាណ ៣៥០នាក់ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បាននិងកំពុងខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០។

ក្នុងគោលបំណងជំរុញ ការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក.អ.ក. បានរៀបចំប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ហៅកាត់ថា «ប្រព័ន្ធ cdcIPM» ដោយមានអនុលោមភាព ជាមួយនឹង អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធ cdeIPM នេះផ្តល់លទ្ធភាពឱ្យ វិនិយោគិន ដាក់ពាក្យដោយផ្ទាល់ ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួល កិច្ចវិនិយោគ ឱ្យកាន់តែមានភាព ងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំង ចូលរួមកសាង សេដ្ឋកិច្ច និងសង្គមឌីជីថល និង រដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានរៀបចំដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានគោលបំណងផ្សព្វផ្សាយ នឹងបើកឱកាសឱ្យវិនិយោគិន មានលទ្ធភាពដាក់ពាក្យ ស្នើសុំដោយផ្ទាល់ លើការចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញ តាមរយៈប្រព័ន្ធ cdclPM ដែលប្រព័ន្ធនេះមិនត្រឹមតែ ផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងធានាបាននូវតម្លាភាព និង ប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធនេះ ថែមទាំងមានមុខងារពិសេសៗ ដែលនឹងផ្តល់ ជូននូវទិន្នន័យសក្តានុពល មូលដ្ឋានជូនដល់វិនិយោគិន និងភ្ជាប់បណ្តាញជាមួយបណ្តា ក្រសួងស្ថាប័នពាក់ ព័ន្ធនឹងការផ្តល់ សេវាវិនិយោគផងដែរ៕











