ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ ឥទ្ធិពលបដិវត្តន៍ពណ៌ ជាបញ្ហាប្រឈម ដ៏ធ្ងន់ធ្ងរបំផុត បង្កអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា បានលើកឡើងថា ឥទ្ធិពលនៃបដិវត្តន៍ពណ៌ ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត បានបង្កអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច និងរហូតដល់នាំប្រទេសជាតិ ឱ្យចូលក្នុងសង្គ្រាមស៊ីវិលដែលពិបាករើខ្លួនចេញ ទៀតផង ។

ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា លោកគិន ភា បានលើកឡើង ក្នុងវេទិកាភ្នំពេញលើកទី៣ ស្តីពី «បដិវត្តន៍ពណ៌និង សណ្ដាប់ធ្នាប់ពិភពលោក ដែលកំពុងមានការវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ»នៅព្រឹកថ្ងៃទី២៧ ខែវិច្ចិកានេះថា ” ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ ទិដ្ឋភាពនយោបាយពិភពលោក ត្រូវបានកំណត់ដោយព្រឹត្តិការណ៍ ជាបន្តបន្ទាប់ ដែលនាំមកនូវការផ្លាស់ប្តូរនៅក្នុងអំណាចនយោបាយ ជាមួយ នឹងការលេចឡើងនូវចលនាមហាជនប្រឆាំងនឹងរដ្ឋាភិបាល។ ចំណុចស្នូលនៃរលកចលនានេះ គឺជាអ្វីមួយដែលគេហៅថា «បដិវត្តន៍ពណ៌» ដែលបានកើតឡើងនិងបានកែប្រែទិដ្ឋភាពនយោបាយ នៅបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត រហូតដល់មជ្ឈិមបូព៌ា ដូចជា ទុយណេស៊ី លីប៊ី ស៊ៀរី យ៉េម៉ែន អេហ្ស៊ីប។ល។  និងថ្មីៗបំផុតនៅអាស៊ីខាងត្បូង គឺ ប្រទេសបង់ក្លាដែស ។

លោកបានបន្តថា ចលនាទាំងនោះជារឿយៗត្រូវបានកំណត់លក្ខណៈដោយការប្រើប្រាស់ពណ៌ឬនិមិត្តសញ្ញាអ្វីមួយធ្វើជាចំណុចប្រមូលផ្តុំ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលពួកគេយល់ថា ជារដ្ឋាភិបាលផ្តាច់ការឬរដ្ឋាភិបាលពុករលួយ ។
បដិវត្តន៍ពណ៌ទាំងនោះមិនត្រឹមតែ បានផ្លាស់ប្តូរទិដ្ឋភាព នយោបាយនៅក្នុងប្រទេស ដែលបដិវត្តន៍នោះបានផ្ទុះឡើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលយ៉ាងឆាប់ រហ័សទៅលើការពិភាក្សាយ៉ាងទូលំទូលាយអំពីលទ្ធិប្រជាធិបតេយ្យ ការតស៊ូរបស់ប្រជាជនស៊ីវិល អធិបតេយ្យជាតិ ឯករាជ្យ ឥទ្ធិពលនៃមហាអំណាចខាងក្រៅ និងសណ្តាប់ធ្នាប់អន្តរជាតិនៅក្នុងពិភព លោកពហុប៉ូលទៀតផង ។
គេកត់សម្គាល់ឃើញមាន ទស្សនៈចម្រុះជុំវិញ អត្ថិភាពនិងឥទ្ធិពលនៃបដិវត្តន៍ពណ៌នេះ អ្នកខ្លះយល់ថា បដិវត្តន៍ពណ៌ជាដំណើរការជាធម្មតាក្នុង សង្គមប្រជាធិបតេយ្យ សំដៅលើកកម្ពស់សេរីភាពនិងយុត្តិធម៌ សង្គមកាន់តែប្រសើរឡើង ប៉ុន្តែអ្នកខ្លះទៀតយល់ថា វាជាឧបករណ៍នយោបាយ របស់មហាអំណាច ដោយប្រើប្រាស់អ្នកនយោបាយប្រឆាំង ឬកម្លាំងមហាជន ដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេស ណាមួយ និងជាបញ្ហាប្រឈមចំពោះ អធិបតេយ្យជាតិ ។
ឥទ្ធិពលនៃបដិវត្តន៍ពណ៌បាននាំទៅរកការ ផ្លាស់ប្តូររបបនយោបាយ ការបង្កើតបទដ្ឋាននយោបាយថ្មី ឬការផ្លាស់ប្តូរមេដឹកនាំថ្មី។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត បដិវត្តន៍ពណ៌បានបង្កអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច និងរហូតដល់នាំប្រទេសជាតិឱ្យចូលក្នុងសង្គ្រាមស៊ីវិលដែលពិបាករើខ្លួនចេញ ទៀតផង។

ក្នុងនាមជាប្រទេសមួយ ដែលមានប្រវត្តិផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅកម្ពុជា យល់យ៉ាងច្បាស់ពីតុល្យភាពដ៏ផុយស្រួយ រវាងការទទួលយកនូវកំណែទម្រង់និង ការរក្សាមូលដ្ឋានគ្រឹះ នៃអធិបតេយ្យជាតិរបស់យើង ។ ប្រវត្តិសាស្ត្ររបស់យើងរំលឹកយើងពីសារៈសំខាន់ នៃការរក្សាឯកភាពជាតិនិងអត្តសញ្ញាណជាតិ នៅពេលប្រឈមមុខនឹងសម្ពាធពីខាងក្រៅដំណាលគ្នា នឹងការខិតខំបំពេញតាមសេចក្តីប្រាថ្នា ឥតឈប់ឈរ របស់ប្រជាជនយើងចំពោះសន្តិភាព ដែលយើងរកបានដោយលំបាក និងមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា, ស្ថិរភាពនយោបាយ និងវិបុលភាព។

លោកបានបញ្ចាក់ថា នៅក្នុងបរិបទនេះហើយ ទើបវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាភ្នំពេញលើកទី៣ ក្រោមប្រធានបទ «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ ពិភពលោកដែលកំពុងមានការវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យនិងប្រជាធិបតេយ្យ» នេះឡើង។ វេទិកានេះនឹងស្វែងយល់ពីរបៀប ដែលបដិវត្តន៍ពណ៌បានប្រឈមនឹងសញ្ញាណបែបប្រពៃណីអំពីអធិបតេយ្យ និងថាតើបដិវត្តន៍ពណ៌លើកកម្ពស់ ឬក៏បង្កអស្ថិរភាពនៃអភិបាលកិច្ចបែបប្រជាធិបតេយ្យ។ វេទិកានេះនឹងពិនិត្យមើលភាពតានតឹងរវាងចលនានយោបាយក្នុងស្រុកនិងការឆ្លើយតបរបស់អន្តរជាតិ ដោយឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃបដិវត្តន៍ពណ៌ទៅលើអភិបាលកិច្ចសកល អធិបតេយ្យរបស់រដ្ឋ និងនិយាមអន្តរជាតិ ដែលកំពុងលេចឡើងនៅក្នុងសតវត្សរ៍ទី២១នេះ ។

វេទិកាភ្នំពេញលើកទី៣ នេះមានគោលបំណង សំខាន់បួន រួមមានទី១) វិភាគលើជវភាពនៃបដិវត្តន៍ ពណ៌, ទី២) ស្វែងយល់ចំណុចប្រសព្វគ្នា រវាងអធិបតេយ្យនិងនិយាមអន្តរជាតិ, ទី៣) វាយតម្លៃឥទ្ធិពលនៃភូមិសាស្ត្រនយោបាយទៅលើសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងកើតឡើង និងទី៤) ផ្ដល់គំនិតអំពីយុទ្ធសាស្រ្តនិង យន្តការដើម្បីបង្ការបដិវត្តន៍ពណ៌៕

To Top