ភ្នំពេញ ៖ អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានកិច្ចការ សង្គមលោក ឈត ប៊ុនថង បានលើកឡើងថា ករណីស្លាប់មួយគ្រួសារដែលសុទ្ធតែជាគ្រូបង្រៀនកើតចេញពីការធ្វើឃាតកម្ម និងអត្តឃាតដោយខ្លួនឯងអាចដើរដល់ផ្លូវទាល់ច្រក ឬគ្មានអ្នកណាដឹងលឺជួយដោះស្រាយបាន។
កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារគ្រួសារគ្រូបង្រៀនមានគ្នា៤នាក់ គឺប្ដីជានាយកសាលា ប្រពន្ធជាគ្រូបង្រៀន និងកូនប្រុស២នាក់ រស់នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានធ្វើឃាតកម្មនិងអត្តឃាត កើតចេញពីកម្ចីមីក្រូហិរញវត្ថុ ចងការប្រាក់ខាងក្រៅច្រើន និងលេងល្បែងអនឡាញ ឡូតូ មាន់ជល់ និងឆ្នោតវៀតណាម។
លោក ឈត ប៊ុនថង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៧ វិច្ឆិកាថា ករណីសម្លាប់គ្នាទៅវិញទៅមក មានច្រើននៅក្នុងសង្គមកម្ពុជាដែលកើតចេញពីការខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ និងល្បែងស៊ីសងជាដើម។
លោកថា ចំពោះប្តីសម្លាប់ប្រពន្ធ កូន និងខ្លួនឯងតាមក្រោយអាចមកពីរកច្រកចេញមិនឃើញ។
លោកបន្តថា “បើយើងមើលទៅគ្រួសារដែលសម្លាប់ប្រពន្ធកូន និងសម្លាប់ខ្លួនឯង ដោយធ្វើអត្តឃាតនេះ ហាក់ដូចជាវិបត្តិមួយដែលកើតឡើង ហើយគាត់ដើរដល់ផ្លូវទាល់ច្រក ប្រហែលជាគាត់មិនមានអ្នកណាជួយគាត់បាន ឬក៏គាត់មិនទម្លាយរឿងដែលកើតឡើងទៅអ្នកដទៃ គាត់ក៏សម្រេចចិត្តខ្លួនគាត់ គាត់ធ្វើអត្តឃាតនិងឃាតកម្មទៅលើសាច់ញាតិខ្លួនឯង”។
ជាមួយគ្នានេះ ដើម្បីកុំឲ្យបញ្ហាទាំងអស់នេះកើតឡើងទៀតលោកបានស្នើទៅកាន់អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើការស្រាវជ្រាវលើការកម្ចីអនឡាញ ល្បែងស៊ីសងថា មានប៉ុន្មានទីតាំងដែលកំពុងវាយលូកក្នុងសង្គមបច្ចុប្បន្នដើម្បីឈានទៅដល់ការបង្ក្រាប និងទប់ស្កាត់៕